វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់បុគ្គលកូរ៉េខាងជើង និងចិនជាង ៣០ នាក់ ពីបទលាងលុយកខ្វក់ យ៉ាងហោចណាស់ ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិ ដល់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។
កាសែត The New York Times បានរាយការណ៍ថា ជនជាប់ចោទ ដែលជាជនជាតិកូរ៉េខាងជើង ២៨ នាក់ និងជនជាតិចិន ៥ នាក់ត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ បណ្តាញក្រុមហ៊ុនជាង ២០០ ដើម្បីលាងលុយ តាមរយៈប្រព័ន្ធធនាគារអន្តរជាតិ។
របាយការណ៍នោះ បានឲ្យដឹងថា ប្រាក់ទាំងនេះ បានទៅធនាគារពាណិជ្ជកម្មបរទេស គ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង និងត្រូវបានប្រើ ដើម្បីគាំទ្រដល់ កម្មវិធីអាវុធប្រល័យលោក។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានហៅវាថា ជាករណីរំលោភការដាក់ទណ្ឌកម្ម របស់កូរ៉េខាងជើងដ៏ធំបំផុត ដែលត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិក៕ដោយ៖ ឈូក បូរ៉ា