ព្រឹត្តិការណ៍

ក្រសួងការបរទេសអាមេរិក អនុម័តកិច្ចព្រមព្រៀង សម្រាប់ការងារលើមីស៊ីល Patriot របស់គុយវ៉ែត

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្គត់ផ្គង់មីស៊ីល Patriot មានទំហំទឹកប្រាក់ រហូតដល់ទៅ៤២៥លានដុល្លារ នេះបើតាមសេចក្តីប្រកាស របស់ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក។

ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសគុយវ៉ែត បានស្នើសុំនិរន្តរភាពកម្មវិធី និងជំនួយបច្ចេកទេស សម្រាប់កម្មវិធីមីស៊ីល រួមបញ្ចូលទាំងសេវាកម្មលើកម្មវិធី C-3 Field Surveillance Program ឃ្លាំងស្តុក និងការគំាទ្រមជ្ឈមណ្ឌល ទ្រទ្រង់មីស៊ីល Patriot PAC-3 របស់ប្រទេស។

តាមសេចក្តីរាយការណ៍ សេចក្តីប្រកាសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការលក់ដែលស្នើឡើង នឹងគាំទ្រ ចំពោះគោលនយោបាយបរទេស និងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់សម្ព័ន្ធមិត្ត មិនមែនសមាជិកណាតូ ដែលជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top