សេអ៊ូល៖ អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើង បានគាំទ្រច្បាប់សន្តិសុខ ដ៏ចម្រូងចម្រាសរបស់ចិន សម្រាប់ទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ ដោយបានហៅវាថាជា“ ជំហានស្របច្បាប់” និងសម្តែងការប្រឆាំងចំពោះ“ ការជ្រៀតជ្រែកពីខាងក្រៅ” ។
នៅក្នុងចម្លើយទៅនឹងសំណួរមួយ ពីទីភ្នាក់ងារព័ត៌មាន ផ្លូវការកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង អ្នកនាំពាក្យនោះ ក៏បាននិយាយផងដែរថា ប្រទេសណាក៏គ្មានសិទ្ធិ ក្នុងការនិយាយរឿងនេះ ឬអំពីបញ្ហានេះទាក់ទងនឹងទឹកដីចិន ពាក់កណ្តាលស្វយ័តនោះដែរ។
កាលពីថ្ងៃព្រហស្បតិ៍ អង្គនីតិបញ្ញត្តិរបស់ប្រទេសចិន បានអនុម័តសំណើសម្រាប់ច្បាប់ ស្តីពីសន្តិសុខ ដែលក្រុមអ្នករិះគន់ភ័យខ្លាច អាចត្រួសត្រាយផ្លូវ សម្រាប់ទីក្រុងប៉េកាំង ដើម្បីរឹតបន្តឹងការក្តាប់របស់ខ្លួន លើហុងកុង និងធ្វើឱ្យចុះខ្សោយ នូវស្វ័យភាពទឹកដី ដោយពង្រឹងប្រតិបត្តិការ សន្តិសុខនៅទីនោះ៕ ដោយ ៖ ឈូក បូរ៉ា


