ព្រឹត្តិការណ៍

បាតុកម្មនៅអាមេរិក៖ ប៉ូលិសដែលបាន ធ្វើឲ្យបុរសស្បែកខ្មៅស្លាប់ ធ្លាប់ទទួលរងបណ្តឹង ១៨ករណីមកហើយ

បរទេស៖ នៅថ្ងៃនេះក្រុមប៉ូលិសរបស់អាមេរិក បានអះអាងថា អតីតមន្ត្រីប៉ូលិសមួយរូប ដែលគ្រប់គ្នាបានឃើញ នៅក្នុងវិដេអូ ថាជាអ្នកជាន់សង្កត់ក បុរសស្បែកខ្មៅ លោកGeorge Floydនោះកន្លងមក គឺធ្លាប់ទទួលរងនូវពាក្យបណ្តឹង ប្រមាណជា១៨មកហើយ។

ទោះបីជាយ៉ាងក្តី ក្រុមប៉ូលិសមិនបានបញ្ជាក់ ពីព័ត៌មានលម្អិត នៃពាក្យបណ្តឹងផ្ទៃក្នុងនោះ មានពាក់ព័ន្ធ ទៅនឹងករណីអ្វីខ្លះនោះទេ។ លោកDerek Chauvin អតីតមន្ត្រីប៉ូលិសរូបនេះ ត្រូវបានលុបឈ្មោះចោល ពីអង្គភាពប៉ូលិសនិងត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ ព្រមទាំងទទួលរងការចោទប្រកាន់ ពីបទឃាតកម្មកម្រិត៣ នៃច្បាប់របស់អាមេរិកផងដែរ។

រំលឹកដែរថា លោក Floyd ដែលមានវ័យ៤៦ឆ្នាំ ជាអតីតកីឡាករ NBA ត្រូវបានក្រុមប៉ូលិស ដែលដឹកនាំដោយលោក Chauvin ចាប់ឃាត់ខ្លួនទាំងដែលមិនមានអាវុធ។ នៅក្នុងវិដេអូ ដែលបានរីកសាយពេញប្រទេស បានបង្ហាញដែរថា លោក Floyd បានព្យាយាមស្រែកទាំងវេទនាថា ពិបាកដងដង្ហើមណាស់ ប៉ុន្តែមិនត្រូវបានប៉ូលិសរូបនេះ បន្ថូរបន្ថយឡើយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top