សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននឹងបើកបណ្តឹងរបស់ខ្លួនឡើងវិញ នៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការរឹតបន្តឹងការត្រួតពិនិត្យ ការនាំចេញរបស់ជប៉ុន ដោយនិយាយថាទីក្រុងតូក្យូ មិនបានបង្ហាញឆន្ទៈ ក្នុងការដោះស្រាយជម្លោះ ពាណិជ្ជកម្មទ្វេភាគី ដែលកំពុងបន្តកើតមាននោះទេ។
ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានផ្តល់ឱ្យសមភាគីជប៉ុនរបស់ខ្លួន រហូតដល់ចុងខែឧសភា ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវរបស់ខ្លួន ឱ្យដកបំរាមនាំចេញនេះ។
កាលពីខែកក្កដាឆ្នាំមុន ប្រទេសជប៉ុនបានរឹតបន្តឹង ការគ្រប់គ្រងលើការដឹកជញ្ជូន ទៅប្រទេសកូរ៉េខាងត្បូង នូវវត្ថុធាតុដើមសំខាន់ៗចំនួន ៣ ដែលមានសារសំខាន់ សម្រាប់ឧស្សាហកម្មបន្ទះឈីប និងបន្ទះអេក្រង់។
ប្រទេសជប៉ុន ក៏បានដកកូរ៉េខាងត្បូងចេញ ពីបញ្ជីអ្នកជិតខាងរបស់ខ្លួន នៃដៃគូពាណិជ្ជកម្ម ដែលអាចជឿទុកចិត្តបាន ដោយលើកឡើង ពីភាពមិនគ្រប់គ្រាន់ ក្នុងការដោះស្រាយ ការនាំចេញដ៏រសើបនេះ៕ ដោយ៖ ឈូក បូរ៉ា