ព្រឹត្តិការណ៍

លោក វ៉ាត់ ចំរើន ៖ វៀតណាម បន្តប្ដេជ្ញា នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣១ ឲ្យទាល់តែបាន

ភ្នំពេញ ៖ ប្រទេសវៀតណាម ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេស១១ នៅអាស៊ាន នឹងក្លាយជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា កម្រិតអាស៊ាន ដែលមានឈ្មោះថា “SEA GAMES” លើកទី៣១ ឆ្នាំ២០២១ បានប្ដេជ្ញាមិនរាថយ ក្នុងការរៀបចំកីឡាមួយនេះឡើយ ទោះបីពិភពលោកមិនទាន់ស្ងប់ស្ងាត់ ពីការរាតត្បាត នៃមេរោគកូរ៉ូណាក៏ដោយ ។

គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាSEA GAMES របស់វៀតណាម មិនត្រឹមតែប្រកាសថា នឹងត្រូវតែធ្វើជាម្ចាស់ផ្ទះនោះទេ តែគេបានពង្រឹងសមត្ថភាព អត្តពលិកនិងធនធាន របស់គេទាំងមន្ត្រី រៀបចំការប្រកួត អ្នកបច្ចេកទេស និងបន្តរៀបចំកែលម្អ ទីលាននានា សម្រាប់បម្រើឲ្យការប្រកួត ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារតែវៀតណាម មានការប្ដេជ្ញាខ្ពស់បែបនេះហើយ ទើបកម្ពុជារៀបចំ បញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់ រយៈពេលយូរ នៅក្រៅប្រទេសនោះ ។ លោកបានបញ្ជាក់ថា ឆ្នាំ២០២១ គឺជាឆ្នាំដែលសំខាន់ចុងក្រោយ មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ SEA GAMES ឆ្នាំ២០២៣ ។

កម្ពុជាត្រូវការពីនិត្យ ពីសមត្ថភាពកីឡាករ-កីឡាការិនី របស់ខ្លួនជាចុងក្រោយ នៅឆ្នាំ២០២១នេះ ចំណែកឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ហេតុនេះកម្ពុជា ត្រូវតែដណ្ដើមបានមេដាយ ក្នុងកម្រិតសមស្របមួយ ថែមទំាំងជាឆ្នាំ ដែលការប្រកួតកីឡា SEA GAMES ស្អាតស្អំជាងគេ ព្រោះកម្ពុជាមិនឆ្លៀតយកព្រឹត្តិការណ៍នេះធ្វើជាវេទិកាចែកមេដាយគ្នាឡើយ គឺប្រើសមត្ថភាពដណ្ដើម មេដាយឲ្យបានច្រើន ។

SEA GAMES លើកទី៣១ដែលនឹងធ្វើ នៅទីក្រុងហាណូយនោះ គណៈកម្មាធិការជាតិ អូឡាំពិកវៀតណាម ត្រៀមកីឡាចន្លោះពី៣៦ទៅ៤០ប្រភេទ ដើម្បីដាក់ឲ្យប្រកួត និងគ្រោងទុកការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០២១ ៕

Most Popular

To Top