ព្រឹត្តិការណ៍

ក្រោយរងការគំរាមកំហែង ពីកូរ៉េខាងជេីង កូរ៉េខាងត្បូង អំពាវនាវឲ្យបញ្ឈប់ យុទ្ធនាការប្រឆាំងក្រុងព្យុងយ៉ាង

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យបញ្ឈប់យុទ្ធនាការ ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ ប្រទេសកុម្មុយនិស្តមួយនេះ បានគំរាមដកកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងផ្នែកយោធា និងគម្រោងផ្លាស់ប្តូរ លើកលែងតែទីក្រុងសេអ៊ូល បញ្ឈប់យុទ្ធនាការនេះ។

ក្រសួងបង្រួបបង្រួម ក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងរៀបចំផែនការ ច្បាប់ដើម្បីហាមប្រាម “សកម្មភាពបង្កភាពតានតឹង” នេះដោយលើកហេតុផលថា យុទ្ធនាការនេះបង្កគ្រោះថ្នាក់ ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នក រស់នៅតាមតំបន់ព្រំដែន ដែលខិត្តប័ណ្ណត្រូវបានបញ្ជូនតាមរយៈប៉េងប៉ោងយក្ស។

តាមការលេីកឡេីងរបស់ អ្នកនាំពាក្យបានឲ្យដឹងថា “តាមពិតខិត្តប័ណ្ណភាគច្រើន ត្រូវបានគេរកឃើញនៅលើទឹកដីរបស់យើង បង្កការបំពុលបរិស្ថាន និងបង្កើនបន្ទុកដល់ប្រជាជន ក្នុងតំបន់ដើម្បីប្រមូលកំទេចចោល…រាល់សកម្មភាពដែលអាចបង្កការ គំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទាំងនោះ គួរតែត្រូវបានបញ្ឈប់” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top