ព្រឹត្តិការណ៍

អាមេរិក អនុញ្ញាត ឱ្យក្រុមហ៊ុន អាកាសចរណ៍ចិន ធ្វើប្រតិបត្តិការ ជើងហោះហើរអាមេរិក ត្រឹមតែ ២ដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ខ្លួននឹងអនុញ្ញាត ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន ធ្វើប្រតិបត្តិការជើងហោះហើរ អ្នកដំណើរប្រចាំសប្តាហ៍ ចំនួនពីរ ទៅនិងមក ពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន បានបន្ធូរបន្ថយ ការរឹតបន្តឹងរបស់ខ្លួន លើសេវាកម្មហោះហើរ របស់សហរដ្ឋអាមេរិក ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

កាលពីថ្ងៃពុធ នាយកដ្ឋានដឹកជញ្ជូន បានឲ្យដឹងថា ខ្លួននឹងរារាំង ក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកដំណើរចិន ពីការហោះហើរចូល ឬចេញ ពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា ពីព្រោះចិន បានរារាំងក្រុមហ៊ុន ដឹកជញ្ជូនអាមេរិក ពីការហោះហើរ អ្នកដំណើរឡើងវិញ និងមកពីប្រទេសចិនផងដែរ។

តម្រូវការដឹកជញ្ជូន តាមផ្លូវអាកាស រវាងប្រទេសទាំងពីរ បានធ្លាក់ចុះ បន្ទាប់ពីការឆ្លងមេរោគកូវីដ-១៩ ដែលត្រូវបានគេរកឃើញដំបូង នៅប្រទេសចិន កាលពីចុងឆ្នាំមុន ហើយបន្ទាប់មកបានរីករាលដាល ពាសពេញពិភពលោក ដែលអាមេរិក មានករណីឆ្លងច្រើនជាងគេ៕
ដោយ៖ ឈូក បូរ៉ា

Most Popular

To Top