អង់គ្លេស៖ ស្នែងយក្សរបស់ដូនតាសត្វគោ និងក្របីសម័យទំនើប ដែលបានផុតពូជជាង៥០០០ឆ្នាំ ត្រូវបានគេរកឃើញ នាមាត់ទន្លេ Severn ស្ថិតក្នុងស្ថានភាពល្អប្រសើរបំផុត ដោយនឹកស្មានមិនដល់ សម្រាប់អ្នកបុរាណវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សារីរិកធាតុដែលមានទំហំ ២៧ អ៊ីញ ត្រូវបានរកឃើញនៅឆ្នេរសមុទ្រ Sudbrook, Monmouthshire ដោយអ្នកនេសាទ២បងប្អូន។ សត្វព្រៃAurochs របស់ចក្រភពអង់គ្លេស រស់នៅនាសម័យយុគថ្មរំលីង ហើយត្រូវបានគេគិតថា បានផុតពូជនៅឆ្នេរអង់គ្លេសប្រហែល ៣,៥០០ ឆ្នាំមុន។
ការវិភាគបឋម នៃការរកឃើញបង្ហាញថា ស្នែងមួយនេះ អាចមានអាយុកាលជាង ៥០០០ ឆ្នាំ។ សត្វAurochs គឺជាប្រភេទសត្វគោព្រៃធំមួយប្រភេទ ដែលរស់នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកខាងជើង ព្រមទំាងជាបុព្វបុរស របស់សត្វគោនាពេលបច្ចុប្បន្ន។
ពួកវាមានទំហំធំជាងគោសម័យទំនើប ដែលមានកម្ពស់ រហូតដល់២ម៉ែត្រត្រង់ស្មា។ លោក Martin និងលោក Richard Morgan កំពុងពិនិត្យមើលទីតាំងមួយ នៅជំនោរទាប នៅពេលពួកគេជំពប់ដួល លើវត្ថុបុរាណ ដែលមានទម្ងន់ជិត៣គីឡូក្រាម។
លោក Martin Morgan អាយុ ៥៩ ឆ្នាំបាននិយាយថា យើងបានរកឃើញស្នែងនេះ ប្រហែលមួយសប្តាហ៍មុន បន្ទាប់ពីព្យុះរដូវក្តៅមិនធម្មតាទាំងនោះ បានចាប់ផ្តើមឡើងលើឆ្នេរខ្សាច់ តាមបណ្តោយតំបន់ Severn ៕ ដោយ៖លី ភីលីព