បរទេស ៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បាននិយាយនៅថ្ងៃ អាទិត្យនេះថា ប្រទេសចិន នឹងពង្រឹង សហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរតេស្ត សាកល្បងថ្នាំ វ៉ាក់សាំងកូវីដ១៩ នាពេលអនាគត ដោយកសាងកិច្ច សហការគ្នាជាមុន នៅក្នុងដំណើរអភិវឌ្ឍ ថ្នាំវ៉ាក់សាំង។
លោក Wang Zhigang ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បាននិយាយប្រាប់សន្និសីទ កាសែតមួយនៅក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា “ការអភិវឌ្ឍ ផលិតថ្នាំវ៉ាក់សាំង នៅតែជាយុទ្ធសាស្ត្រគ្រឹះ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីយកឈ្នះ លើមេរោគកូរ៉ូណា” ។
យោងតាមទិន្នន័យចងក្រង ដោយអង្គការសុខភាពពិភពលោក ប្រទេសចិនកំពុងតែប្រឹងប្រែង ជាខ្លាំងក្នុងភាព ប្រញាប់ប្រញាល់សកល អភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង សម្រាប់ការឆ្លងមេរោគកូរ៉ូណាថ្មី ដែលបានចាប់ផ្តើមដំបូង ក្នុងទីក្រុងវូហាន ដោយអ្នកស្រាវជ្រាវចិន កំពុងតែធ្វើតេស្ត សាកល្បងផ្សេងគ្នាចំនួន៥ លើមនុស្ស ឬក៏ពាក់កណ្ដាលនៃការតេស្ត សាកល្បងលើសកលលោក ៕
ប្រែសម្រួល៖ប៉ាង កុង