បរទេស៖ទីភ្នាក់ងារសារព័ត៌មាន INA ដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa Al-Kadhimi បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ាក់និងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់អះអាងលើការប្តេជ្ញារបស់ខ្លួន ចំពោះការដកកងទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ តែមិនបានផ្តល់កាលកំណត់ច្បាស់លាស់ទេ។
រដ្ឋសភារបស់ប្រទេសអ៊ីរ៉ាក់ កាលពីដើមឆ្នាំនេះ បានបោះឆ្នោតសម្រាប់ការដកកងទ័ពបរទេសចេញពីទឹកដីអ៊ីរ៉ាក់ ហើយកងទ័ពរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងសម្ពន្ធមិត្តដទៃទៀត បានចាកចេញជាផ្នែកនៃការដកកងកម្លាំងនោះ ហើយលោក Mustafa Al-Kadhimi បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាយុទ្ធសាស្ត្រសហរដ្ឋអាមេរិក-អ៊ីរ៉ាក់ បានទទួលស្គាល់ការសម្រេចចិត្តរបស់រដ្ឋសភាអ៊ីរ៉ាក់ ស្តីពីការដកកងទ័ពសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីកិច្ចពិភាក្សាយុទ្ធសាស្ត្រអាមេរិក-អ៊ីរ៉ាក់ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយកងកម្លាំង និងធ្វើការពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ស្តីពីស្ថានភាពរបស់កងកម្លាំងដែលនៅសល់ ដោយសង្កត់ធ្ងន់ថា វាមិនស្វះស្វែងរកមូលដ្ឋានអចិន្ត្រៃយ៍ ឬក៏វត្តមានយោធាអចិន្ត្រៃយ៍ ក្នុងប្រទេសអ៊ីរ៉ាក់នោះទេ៕ប្រែសម្រួល៖ប៉ាង កុង


