បរទេស៖ កូរ៉េខាងជើង មើលឃើញប្រយោជន៍តិចតួច ចំពោះការរក្សាចំណងមិត្តភាពផ្ទាល់ខ្លួន រវាងមេដឹកនាមកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់គោលនយោបាយជាសត្រូវ នេះបើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយដោយកាសែត KCNA រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Gwonបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិក បង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោន នៅតែមានការគម្រាមកំហែងរយៈពេលវែង ចំពោះប្រទេស និងប្រជាជនកូរ៉េខាងជើង ហើយកូរ៉េខាងជើង នឹងអភិវឌ្ឍកងកម្លាំងយោធា អាចពឹងផ្អែកលើខ្លួនឯងបានខ្លាំងឡើង ដើម្បីទប់ទល់ នឹងការគម្រាមកំហែងនោះ។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម បានធ្វើការប្រមាថមាក់ងាយ និងគម្រាមគ្នាទៅវិញទៅមក នៅក្នុងអំឡុងឆ្នាំ២០១៧ ស្របពេលដែលកូរ៉េខាងជើង បានបង្កើតការអភិវឌ្ឍដ៏ធំ ក្នុងកម្មវិធីនុយក្លេអ៊ែនិងមីស៊ីល ហើយសហរដ្ឋអាមេរិក បានធ្វើការឆ្លើយតប ដោយដឹកនាំ កិច្ចប្រឹងប្រែងអន្តរជាតិមួយ រឹតបន្តឹងទណ្ឌកម្ម៕ ប្រែសម្រួល៖ប៉ាង កុង