សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Zoom Video Communications Inc បាននិយាយថា ខ្លួនបានផ្អាកគណនី អ្នកប្រើប្រាស់ និងបានបញ្ចប់កិច្ចប្រជុំ ទាក់ទងនឹងខួបនៃការបង្ក្រាប នៅទីលានTiananmen នៅលើវេទិការបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលចិន បានទាមទារឲ្យធ្វើដូច្នោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កម្មវិធី Zoom ត្រូវបានគេមើលឃើញថា មានប្រជាប្រិយភាពទូទាំងពិភពលោក និងជាឧបករណ៍ ធ្វើសន្និសីទវីដេអូបានកើនឡើង ក្នុងអំឡុងពេលមេរោគ COVID-១៩ បាននិយាយថា ខ្លួនមិនបានផ្តល់ព័ត៌មានអ្នកប្រើប្រាស់ ឬខ្លឹមសារប្រជុំណាមួយ ទៅរដ្ឋាភិបាលចិនទេ។ ក្រុមហ៊ុនបន្តថា វានឹងមិនអនុញ្ញាត ឲ្យមានសំណើបន្ថែមពីប្រទេសចិន ប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្រៅប្រទេស នាពេលអនាគតឡើយ។
សេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីបាន បិទគណនីជាបណ្តោះអាសន្នចំនួន៣ ជាកម្មសិទ្ធិរបស់សកម្មជនម្នាក់ ក្នុងចំណោមនោះ មានមូលដ្ឋាននៅហុងកុង និង២ទៀតនៅសហរដ្ឋអាមេរិក។
ស្ថាបនិកមនុស្សធម៌ចិន នៅសហរដ្ឋអាមេរិក Zhou Fengsuo បាននិយាយថា គណនីរបស់លោកត្រូវបានផ្អាក បន្ទាប់ពីមានព្រឹត្តិការណ៍ Zoom ដើម្បីរម្លឹកខួបលើកទី ៣១ នៃការបង្ក្រាបបង្ហូរឈាមរបស់ចិន ទៅលើបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីលានTiananmen។ ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមដោយអ្នកទស្សនា ដែលមានមូលដ្ឋាននៅចិនដីគោក៕ ដោយ៖លី ភីលីព