ព្រឹត្តិការណ៍

ប្រធានាធិបតីរុស្ស៊ី សរសើរវៀតណាម រឿងគ្រប់គ្រងដោយជោគជ័យ លើជំងឺរាតត្បាតកូវីដ១៩

ហាណូយ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកោតសរសើរ ចំពោះជោគជ័យ របស់វៀតណាម ក្នុងការទប់ស្កាត់មេរោគ កូវីដ១៩ និងបានសន្យា ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសអាស៊ីអាគ្នេយ៍ មួយនេះថែមទៀតផង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីវៀតណាមលោក ង្វៀនភូត្រុង កាលពីថ្ងៃព្រហស្បតិ៍ លោកពូទីនបានថ្លែងអំណរគុណដល់វៀតណាម ដែលបានផ្តល់ជំនួយ ជួយដល់ប្រទេសរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត កូវីដ១៩។ ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយវិបត្តិពិភពលោក និងបន្តផ្តល់ការគាំទ្រ ទាន់ពេលវេលាដល់ពលរដ្ឋនៃប្រទេសនីមួយៗ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានបញ្ជាក់ថា មានការឆ្លងមេរោគ កូវីដ១៩ ចំនួន ៣៣២ ករណី។ ក្នុងនោះមាន ៣២១ នាក់ បានជាសះស្បើយឡើងវិញ បន្ទាប់ពីការព្យាបាល និងពុំមានរបាយការណ៍ ពីការអ្នកស្លាប់ឡើយ។

កាលពីខែមេសាកន្លងទៅ ប្រទេសវៀតណាម បានផ្តល់អំណោយ ដល់ប្រទេសរុស្ស៊ី នូវម៉ាសមុខចំនួន ២០០,០០០ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ របស់ប្រទេសនេះនិងបានធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋចំនួន ៣៤៥ នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលជាចំណុចក្តៅ នៃមេរោគរាតត្បាតធំបំផុតទីបី របស់ពិភពលោក ដែលមានការឆ្លងជាង ៥១១.០០០ នាក់និង ៦.៧១៥ នាក់បានបញ្ជាក់ថា បានស្លាប់តែបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេស ប្រេស៊ីល។

ជាមួយគ្នានោះដែរ ពលរដ្ឋរុស្ស៊ីប្រមាណ ៤០០ នាក់ ដែលបានជាប់គាំង នៅក្នុងប្រទេសវៀតណាម ចំពេលមានការរឹតត្បិតការធ្វើដំណើរ ត្រូវបានគេនាំទៅផ្ទះវិញ តាមជើងហោះហើរពិសេស ដែលរៀបចំ ដោយរដ្ឋាភិបាលរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top