សេអ៊ូល ៖ ក្រុមមន្ត្រីសន្តិសុខកំពូល របស់ប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការគំរាមកំហែងថ្មីៗ របស់កូរ៉េខាងជើង ដែលរួមមានទាំង សកម្មភាពយោធា ដែលបានបង្កើតភាព តានតឹងនៅឧបទ្វីបកូរ៉េ។
លោកជុង អ៊ីយយ៉ុង នាយកសន្តិសុខជាតិ នៅការិយាល័យប្រធានាធិបតី និងមន្រ្តីសន្តិសុខជាន់ខ្ពស់ រួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេស បង្រួបបង្រួម និងការពារជាតិ បានពិនិត្យមើលស្ថានភាពសន្តិសុខបច្ចុប្បន្ន នៅឧបទ្វីបកូរ៉េ ក៏ដូចជាការឆ្លើយតបរបស់ក្រុងសេអ៊ូល ចំពោះវោហារសាស្ត្រដ៏អាក្រក់ថ្មីៗនេះ ដោយក្រុងព្យុងយ៉ាង។
កិច្ចប្រជុំស្តីពីសន្តិសុខ គ្រាអាសន្នបានកើតឡើង នៅពេលទីក្រុងព្យុងយ៉ាង បានបង្កើតភាពតានតឹងក្នុងទំនាក់ទំនងអន្តរកូរ៉េ ជាមួយនឹងការគំរាមកាត់ផ្តាច់ បណ្តាញទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា