បរទេស៖ នៅថ្ងៃចន្ទនេះ សមាជិកមន្ត្រីជាន់ខ្ពស់ មកពីបក្សប្រឆាំងនៃប្រទេសកូឡំប៊ី បានធ្វើការព្រមនថា ការដាក់ពង្រាយទ័ពអាមេរិក នៅក្នុងប្រទេស គឺជាសកម្មភាពខុសច្បាប់ ហើយវានឹងអាចធ្វើឲ្យប្រទេសនេះ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ជាមួយនឹងប្រទេស វេណេស៊ុយអេឡាជាមិនខាន ដែលជាប្រទេសជិតខាង កំពុងមានបញ្ហាខ្លាំង ជាមួយនឹងអាមេរិក។
ទោះបីជាយ៉ាងណាក្តី លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសកូឡំប៊ី បានបញ្ជាក់ថា វត្តមានរបស់យោធាអាមេរិកនៅទីនេះ គឺគ្រាន់តែជាការងារ ដើម្បីគាំទ្រដល់ ការថែរក្សាសុវត្ថិភាពក្នុងតំបន់ ហើយបញ្ជាក់ថា ការអនុញ្ញាតឲ្យមានការដាក់ពង្រាយ កងទ័ពអាមេរិកបែបនេះ គឺមិនចាំបាច់មានការឆ្លងកាត់ ទៅដល់សភាជាតិឡើយ។
ចំពោះការលើកឡើង របស់បក្សប្រឆាំងរបស់កូឡំប៊ីវិញ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កន្លងមក តែងតែមានគោលបំណង ចង់ផ្តួលរលំរដ្ឋាភិបាលវេណេស៊ុយអេឡា បច្ចុប្បន្នហើយការសម្រេចចិត្តនេះ គឺជាហ្គេមដ៏គ្រោះថ្នាក់បំផុត ដែលវាអាចបង្ក ទៅជាសង្គ្រាមលោកទី៣ ក៏ថាបានផងដែរ៕
ប្រែសម្រួល៖ស៊ុនលី


