វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ចំនួនកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយ នៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយចំនួន២៥.០០០នាក់ ដោយសារខ្វះខាតលើការចំណាយវិស័យ ការពាររបស់អាល្លឺម៉ង់ ។
ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា ចំនួនកងទ័ពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ នឹងកាត់បន្ថយចំនួន២៥.០០០នាក់ ។
លោក ត្រាំ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅឯសេតវិមានថា “អាល្លឺម៉ង់ ដូចដែលអ្នកបានដឹងហើយ គឺល្មើសធ្ងន់ក្នុងការចំណាយប្រាក់ របស់ពួកគេដល់អង្គការ ណាតូ” ។ ដោយបានបន្ថែមថា កងទ័ពរបស់សហរដ្ឋអាមេរិក នឹងត្រូវដាក់ពង្រាយឡើងវិញ ដល់ប្រទេសអាល្លឹម៉ង់ រហូតដល់ការទូទាត់បានរួចរាល់ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានកងទ័ពអាមេរិកប្រមាណ៣៥.០០០នាក់ បានដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា