ព្រឹត្តិការណ៍

ទាហានឥណ្ឌា ៣ នាក់ស្លាប់ អំឡុងពេលប៉ះទង្គិចគ្នា ជាមួយកងទ័ពចិន នៅព្រំដែន

បរទេស៖ ទាហានឥណ្ឌាចំនួន ៣ នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងកំលាំងចិននៅតំបន់ Ladakh ក្នុងតំបន់ជម្លោះកាស្មៀរ។ កងទ័ពឥណ្ឌាបាននិយាយថា “មន្រ្តីយោធាជាន់ខ្ពស់នៃភាគីទាំងពីរ កំពុងប្រជុំគ្នាដើម្បីដោះស្រាយស្ថានភាព” ដោយបន្ថែមថា ភាគីទាំងពីរបានរងគ្រោះ ពីការប៉ះទង្គិចគ្នានេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

BBC ចេញផ្សាយដោយផ្អែក តាមទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍ថា ប្រទេសចិនបានឆ្លើយតបដោយអំពាវនាវ ឱ្យប្រទេសឥណ្ឌា កុំធ្វើសកម្មភាពជាឯកតោភាគី ឬបង្កបញ្ហា។ ចំណែកទីភ្នាក់ងារ AFP បានផ្សាយដែរថា ប្រទេសចិនក៏បានចោទ ប្រកាន់ប្រទេសឥណ្ឌា ពីការឆ្លងកាត់ព្រំដែន និងវាយប្រហារមកលើទាហានចិនផងដែរ។

ការប៉ះទង្គិចគ្នាកើតឡើង ចំពេលភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ។ ប្រទេសឥណ្ឌាបានចោទប្រកាន់ប្រទេសចិនថា បានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលទៅក្នុងជ្រលងភ្នំ Galwan របស់តំបន់ Ladakh ។

ការស្លាប់ទាហាននេះ ត្រូវបានគេជឿថា បានកើតឡើងជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅក្នុងការប្រឈមមុខគ្នា រវាងមហាអំណាចទាំងពីរ ។ ប្រទេសទាំងពីរ បានធ្វើសង្គ្រាមតែមួយលើកគត់ រហូតមកដល់ពេលនេះគឺនៅឆ្នាំ ១៩៦២ នៅពេលដែលប្រទេសឥណ្ឌា បានរងបរាជ័យដ៏អាម៉ាស់មួយ។

ឥណ្ឌាចោទប្រកាន់ចិនថា បានកាន់កាប់ទឹកដី របស់ខ្លួនចំនួន ៣៨ ០០០ គីឡូម៉ែត្រក្រឡា ។ កិច្ចពិភាក្សាជាច្រើនជុំក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ បានបរាជ័យក្នុង ការដោះស្រាយជម្លោះព្រំដែន ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top