បរទេស ៖ យោធា របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានព្រមានថា ខ្លួនកំពុងតែត្រៀមរៀបចំ គ្រោងការណ៍ធ្វើសកម្មភាព ប្រឆាំងប្រទេសកូរ៉េខាងត្បូង រួមមានទាំងការ សម្រុកចូលតំបន់ព្រំដែន ដែលមិនឲ្យមានយោធាឈរជើង ស្ថិតក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ស្របពេលភាពតានតឹង ដែលបានចាប់ផ្តើម ដោយសារយុទ្ធនាការ បញ្ជូនចែកចាយលិខិតប័ណ្ណធ្វើឡើង ដោយជនផ្តាច់ខ្លួន នៅតែបន្តកើនឡើង។
អគ្គសេនាធិការ កងទ័ពកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពរបស់យើង កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពបច្ចុប្បន្ន ដែលចំណងមិត្តភាពកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងប្រែក្លាយជាកាន់តែអាក្រក់ទៅៗ និងត្រៀម ខ្លួនឲ្យពេលលេញ សម្រាប់ការផ្តល់ការធានា ផ្នែកយោធា ចំពោះចំណាត់ការខាងក្រៅណាមួយ ដែលធ្វើឡើង ដោយគណបក្សនិងរដ្ឋាភិបាល។
នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំយោធានានា កំពុងតែសិក្សាគម្រោងការណ៍សកម្មភាព សម្រាប់ចាត់វិធានការធ្វើឲ្យកងទ័ពសម្រុក ចូលទៅក្នុងតំបន់ ដែលគ្មានកងទ័ពឈរជើង ស្ថិតក្រោមកិច្ចព្រមព្រៀង កូរ៉េខាងជើងនិងកូរ៉េខាងត្បូង និងកែប្រែខ្សែប្រយុទ្ធជួរមុខ ឲ្យក្លាយទៅជាបន្ទាយ ហើយបង្កើនការប្រយ័ត្ន ផ្នែកយោធាប្រឆាំង នឹងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ប៉ាង កុង
