បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នាំមុខពិភពលោក ក្នុងការស្រាវជ្រាវផលិត អាវុធមានល្បឿនលឿន ជាងសម្លេង ហើយនឹងមានប្រព័ន្ធការពារ សម្រាប់ទប់ទល់ នឹងអាវុធរបស់គូសត្រូវនានា ។
លោក ពូទីន មានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធមានល្បឿនលឿន ជាងសម្លេង នឹងត្រូវបានអភិវឌ្ឍ ប៉ុន្តែខ្ញុំគិតថា យើងនឹងអាចធ្វើឲ្យដៃគូ របស់យើងមានការភ្ញាក់ផ្អើល គឺមានភាពប្រាកដ ប្រជាដ៏ខ្ពស់ថា នៅពេលពួកគេអភិវឌ្ឍ ផលិតអាវុធបែបនេះនោះ យើងនឹងមានមធ្យោបាយ ធ្វើការសងសឹក ចំពោះអាវុធនោះ”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្តើមធ្វើការ អភិវឌ្ឍកម្មវិធីមីស៊ីល មានល្បឿនលឿនជាងសម្លេង កសាងផលិតអាវុធបំពាក់នុយក្លេអ៊ែ ដែលមានសមត្ថភាព អាចធ្វើដំណើរ បានរហូតដល់ទៅ៥.០០០ម៉ាយ ក្នុងមួយម៉ោង បង្ហាញថា ប្រព័ន្ធការពារមាន ពេលតិចណាស់ ដើម្បីធ្វើប្រតិកម្មតបត៕
ប្រែសម្រួល៖ប៉ាង កុង

