បរទេស ៖ អង្គការណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងសក្តានុពល របស់មីស៊ីលរុស្ស៊ី ប៉ុន្តែបានឈប់ ដាក់ពង្រាយគ្រាប់មីស៊ីល នុយក្លេអ៊ែថ្មី នៅក្នុងតំបន់អឺរ៉ុបទៀតហើយ។
រដ្ឋមន្ត្រី នៃអង្គការយោធា មានសមាជិក ៣០ប្រទេសនេះ បានជួបប្រជុំគ្នា ក្នុងវីដេអូខល រយៈពេលពីរថ្ងៃ ក្រោយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន អំពីសព្វាវុធដ៏ទំនើប របស់រុស្ស៊ី ដោយលើកឡើងពីការ អភិវឌ្ឍអាវុធ និងប្រព័ន្ធការពារមាន ល្បឿនលឿនជាងសម្លេង ប្រឆាំងនឹងអាវុធ របស់សត្រូវ។
នៅទីបញ្ចប់ នៃកិច្ចប្រជុំនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥរិយាបថរបស់ប្រទេសរុស្ស៊ី កំពុងតែបង្កអស្ថិរភាព និងគ្រោះថ្នាក់ ហើយនៅក្នុងកិច្ចប្រជុំ របស់យើងថ្ងៃនេះ រដ្ឋមន្ត្រីបានពិភាក្សាគ្នា អំពីបញ្ហាប្រឈមទាំងនេះ និងបានព្រមព្រៀងគ្នា លើទំហំនយោបាយ និងយោធាប្រកប ដោយតុល្យភាព”៕
ប្រែសម្រួល៖ប៉ាង កុង


