សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធ ម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នឹងត្រូវ “បង់ថ្លៃ” ប្រសិនបើខ្លួនចាប់ផ្តើម សកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការចំរុះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងពង្រាយកងទ័ព ទៅកាន់សួនឧស្សាហកម្មអន្តរកូរ៉េមួយ នៅក្នុងទីក្រុងព្រំដែន Kaesong ភាគខាងលិច និងតំបន់ទេសចរណ៍រួមគ្នា Mount Kumgang នៅឆ្នេរសមុទ្រខាងកើត។
កូរ៉េខាងជើង ក៏បានង្យដឹងផងដែរថា ខ្លួននឹងស្តារប៉ុស្តិ៍យាម ដែលត្រូវបានដកចេញ ពីតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំងពីរ និងធ្វើសមយុទ្ធយោធាទៀងទាត់ គ្រប់ប្រភេទនៅជិតព្រំដែនអន្តរកូរ៉េ ក្នុងវិធានការជាក់ស្តែង ដើម្បីលុបចោលកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងផ្នែកយោធា ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៨៕ ដោយ៖ ឈូក បូរ៉ា

