បរទេស ៖ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ អ៊ីរ៉ង់ សម្រាប់រយៈពេលប៉ុន្មាន ខែខាងមុខ ស្របពេលមាន ការពិភាក្សាគ្នា នៅអង្គការសហប្រជាជាតិ និងការរំលោភបំពាន ធ្វើឡើងដោយអ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥។
នៅក្រោមកិច្ចព្រមព្រៀង របស់អ៊ីរ៉ង់ជាមួយ មហាអំណាចពិភពលោក ដើម្បីទទួលបានដែនកំណត់ ចំពោះកម្មវិធីនុយក្លេអ៊ែ ជាថ្នូរនៃការលើកលែង ទណ្ឌកម្មនោះ បម្រាមអាវុធ របស់អង្គការសហប្រជាជាតិ នឹងត្រូវផុតកំណត់ក្នុងខែតុលា ហើយសហរដ្ឋអាមេរិក ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៨នោះ បាននិយាយថា វាចង់ពង្រីកបម្រាមអាវុធនោះ។
មន្ត្រីការទូតអឺរ៉ុបមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “”រដ្ឋមន្ត្រីការបរទេស នឹងជួបប្រជុំគ្នា ដើម្បីពិចារណា លើអ្វីដែលអឺរ៉ុប អាចធ្វើបាន ដើម្បីបញ្ចប់ការរំលោភបំពាន ដោយអ៊ីរ៉ង់ទាំងនេះ ស្របពេលរក្សាកិច្ចព្រមព្រៀង ប៉ុន្តែក៏នឹងពិភាក្សាគ្នា អំពីវិធីជៀសវាង របត់ឆាប់រហ័ស នៅក្នុងទីក្រុងញូយ៉ក”៕
ប្រែសម្រួល៖ប៉ាង កុង