បរទេស៖ យោធាអាមេរិកមានបុគ្គលិកយោធា ប្រហែល ៥ ម៉ឺននាក់ និងមូលដ្ឋានទ័ពចំនួន ២៣ នៅជប៉ុនដោយមានកងទ័ពចំនួន ២៣.៥០០ នាក់ទៀតឈរជើងនៅកូរ៉េខាងត្បូង។ ការដាក់ពង្រាយនៅក្នុងប្រទេសជប៉ុននេះរួមមានកងនាវាទី ៧ ដែលមានកប៉ាល់ប្រហែលពី ៦០គ្រឿង ទៅ៧០គ្រឿង យន្តហោះ ៣០០ គ្រឿង និងបុគ្គលិកយោធា ៤០.០០០ នាក់។ កងទ័ពអាមេរិកបានឈរជើងនៅប្រទេសទាំងពីរអស់រយៈពេលជិត ៣ ភាគបួននៃសតវត្សរ៍មកហើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានស្នើសុំឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ បញ្ចេញលុយ ៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ ចំពោះទាក់ទងនឹងការដាក់ទីតាំងកងទ័ពអាមេរិកនៅជប៉ុន ដោយសារតែកង្វល់អំពីការដកខ្លួនថយនេះ អតីតទីប្រឹក្សាសន្តិសុខជាតិលោកចនបូលតុន បានអះអាងនៅក្នុងសៀវភៅកំណត់ហេតុថ្មីដែលផ្ទុះរបស់លោកថា ‘The Room Where It Happened’។
យោងតាមលោក បូលតុន លោកបានជួបជាមួយសមភាគីជប៉ុនលោក Shotaro Yachi នៅខែកក្កដាឆ្នាំ ២០១៩ ដើម្បីជូនដំណឹងដល់លោកថាលោក ត្រាំ ចង់ ឲ្យរដ្ឋាភិបាលទីក្រុងតូក្យូបង់លុយ ៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ ២០២០ ពោលគឺកើនឡើងពីប្រមាណ ២,៥ ពាន់លានដុល្លារដែលប្រទេសនេះត្រូវបានគេសន្មត់ថា ចំណាយនៅពេលនោះ។
ទោះយ៉ាងណាបើយោងតាមសារព័ត៌មានJapan Times គឺប្រទេសជប៉ុនបានត្រៀមថវិកាចំនួន ១,៨ ពាន់លានដុល្លារ មិនមែន ២,៥ ពាន់លានដុល្លារដើម្បីទទួលទាហានអាមេរិកនៅឆ្នាំ ២០១៩ នោះទេ។
លោក បូលតុន បាននិយាយថាលោក Trump ដែលជាអតីតអ្នកជំនួញម្នាក់បានជឿជាក់ថាការគំរាមកំហែងដកកងទ័ពអាមេរិកគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ខំឱ្យសម្ព័ន្ធមិត្តបង់ប្រាក់ ព្រោះវាធ្វើឱ្យអ្នកស្ថិតក្នុងជំហរចរចាយ៉ាងខ្លាំង។
ដោយស្នើឱ្យធ្វើអត្ថាធិប្បាយលើការ អះអាងរបស់លោក បូលតុន កាលពីថ្ងៃច័ន្ទលោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនបាន បដិសេធថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឱ្យទីក្រុងតូក្យូបង្កើន ចំណែករបស់ខ្លួន នៃការចែករំលែកបន្ទុក” ដោយនិយាយថា ការចរចាអំពីបញ្ហានេះ មិនទាន់បានចាប់ផ្តើម នៅឡើយទេ។
ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពិភាក្សាលើ កិច្ចព្រមព្រៀងស្តីពី វិធានការពិសេសថ្មីស្តីពីការទទួលកងទ័ពអាមេរិកនៅចុងឆ្នាំនេះដោយប្រទេស បច្ចុប្បន្នរំពឹងថា នឹងដំណើរការនៅឆ្នាំ ២០២១ ៕ប្រែសម្រួលៈ ណៃ តុលា