ប្រវត្តិសាស្ត្រ ៖ កាលពីថ្ងៃទី២៤ ខែមិថុនា នាឆ្នាំ១៩៩៧ មានព្រឹត្តិការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាស របស់សហរដ្ឋអាមេរិក ។ របាយការណ៍ ដែលមានចំនួន រហូតទៅដល់២៣១ទំព័រ របស់កងកម្លាំងទ័ពអាកាសមួយនេះ ត្រូវបានបង្កើតឡើង ដើម្បីក្នុងគោលបំណងបដិសេធ ទៅនឹងពាក្យចចាមអារ៉ាម ដ៏ចម្រូងចម្រាស ដែលមានអាយុកាលជាច្រើនទសវត្ស មកហើយ អំពីជីវិតនៃមនុស្សពិភពក្រៅ និងការធ្លាក់យន្តអាវកាស នៅឯតំបន់Roswellរដ្ឋNew Mexico។
រំលឹកឡើងវិញនៅពេល ដែលសាធារណៈជន បាននាំគ្នាជក់ចិត្ត តាមដាន ទៅលើហេតុការណ៍ ដែលគ្រប់គ្នាបាននិយាយថា មានវត្តមាននៃមនុស្សពិភពក្រៅ ជាពិសេសយានអាវកាស នៅលើភពផែនដី ដែលវាបានចាប់ផ្តើម កាន់តែរីករាលដាល ច្រើនឡើងចាប់តាំងពីទសវត្សឆ្នាំ១៩៤០ ជាឆ្នាំ ដែលព្រឹត្តិការណ៍មួយពលរដ្ឋអាមេរិក បានជឿជាក់ថា មានការធ្លាក់យានអាវកាស នៃមនុស្សពិភពក្រៅ នៅក្នុងទីក្រុងRoswellនៃរដ្ឋNew Mexico ។
ក្រុមអ្នកតាមដាន នៃមនសុ្សពិភពក្រៅជឿជាក់ថា ហេតុការណ៍ធ្លាក់យានអាវកាស បានកើតឡើង នាខែកក្កដាឆ្នាំ១៩៤៧ ដោយមានការអះអាងថា មនុស្សជាច្រើនបានប្រទះឃើញ បំនែកយានរាងដូចថាស ហើយបានទាក់ទងទៅកាន់ អជ្ញាធរក្នុងតំបន់ ដើម្បីត្រួតពិនិត្យ។
នៅថ្ងៃទី៨ខែកក្កដាឆ្នាំ ដដែលនោះ កងកម្លាំងទ័ពអាកាសអាមេរិក បានប្រកាសថា បំណែកដែលប្រទះឃើញគឺ ជាយានអាវកាសពិតមែនហើយ ត្រូវបានចុះផ្សាយភ្លាមៗ ដោយកាសែតក្នុងស្រុក អំពីហេតុការណ៍នេះ ជាសាធារណៈ។
ប៉ុន្តែភ្លាមៗ ក្រោយបង្កការភ្ញាក់ផ្អើល កងកម្លាំងទ័ពអាកាសអាមេរិក បានបដិសេធអំពីព័ត៌មានទាំងនោះ មកវិញ ដោយនិយាយថា បំណែកនោះគ្រាន់តែជាផ្នែក នៃបាឡុងហោះមួយ ដែលបានធ្លាក់ប៉ុណ្ណោះ ប៉ុន្តែវានៅតែត្រូវបានធ្វើឲ្យមនុស្ស ជាច្រើននាំគ្នាបន្តពាក្យ ចចាមអារ៉ាម ទាំងនោះរហូតមក៕
ប្រែសម្រួល:ស៊ុនលី