ព្រឹត្តិការណ៍

ឥណ្ឌាជំរុញ ឱ្យរុស្ស៊ីបញ្ជូនប្រព័ន្ធ ការពារមីស៊ីល S-400 មកឱ្យបានឆាប់ អំឡុងពេលតានតឹង ផ្នែកព្រំដែនជាមួយចិន

បរទេស៖ ប្រភពពីក្រសួងការពារជាតិ បាននិយាយក្នុង លក្ខខណ្ឌអនាមិកថា ប្រទេសឥណ្ឌា កំពុងពិចារណាលើជម្រើស នៃការជំរុញឱ្យប្រទេសរុស្ស៊ី បង្កើនការបញ្ជូនប្រព័ន្ធមីស៊ីល ការពារអាកាស S-400 ។ វាត្រូវបានគេជឿជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានគ្រោងនឹងពន្យារ ពេលការដឹកជញ្ជូននេះ រហូតដល់ខែធ្នូឆ្នាំ ២០២១ ដោយសារតែការរីករាលដាល នៃមេរោគឆ្លងរាលកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការបង្កើនល្បឿននៃការផ្តល់ប្រព័ន្ធមីស៊ីលដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ សម្រាប់ប្រទេសឥណ្ឌា ដែលបានបង់ប្រាក់យ៉ាងច្រើន រួចទៅហើយនោះកាលពីឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងត្រូវពិភាក្សា ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគី របស់រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌា លោក Rajnath Singh ជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu ។

នៅពេលចាកចេញទៅទីក្រុងមូស្គូ ដើម្បីចូលរួមក្នុង ពិធីព្យុហយាត្រាទិវាជ័យជំនះ នៅថ្ងៃទី ២៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក គឺជាឱកាសមួយ ដើម្បីពង្រឹងថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រនិងការពារជាតិឥណ្ឌា – រុស្ស៊ី។

សូមជម្រាបថា ការសម្រេចរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបញ្ជូនរដ្ឋមន្រ្តីការពារជាតិ ទៅចូលរួមក្នុងព្យុហយាត្រា ទិវាជ័យជំនះលើកទី ៧៥ របស់ទីក្រុងមូស្គូ កើតឡើងបន្ទាប់ពីមានផែនការ ទិញរបស់ឥណ្ឌា ដែលមានយន្តហោះចម្បាំងចំនួន ៣៣ គ្រឿង ក្នុងនោះមានយន្ដហោះ Su-30MKI ចំនួន ១២ គ្រឿង និង MiG-29 ចំនួន ២១ គ្រឿងមកពីប្រទេសរុស្ស៊ី ក្រោមបទបញ្ជាបន្ទាន់ និងចំពេលមានព្រំដែន ការប៉ះទង្គិចគ្នារវាងឥណ្ឌា និងចិននៅតំបន់ Ladakh នៅភាគខាងជើងឆ្ងាយ នៃប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top