បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសរិះគន់ ចំពោះការសម្រេចចិត្តមួយ របស់ប្រទេសជប៉ុន គ្រោងដូរឈ្មោះតំបន់មួយកន្លែង ដែលរួមបញ្ចូលទាំងក្រុមកោះមានជម្លោះ ឈ្មោះសែនកាគូ ដោយហៅទង្វើនោះថា ការបង្កហេតុដ៏ធ្ងន់ធ្ងរ។
មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ទីក្រុងប៉េកាំង លោក Zhao Lijian បានមានប្រសាសន៍ប្រាប់ នៅថ្ងៃចន្ទម្សិលមិញនេះ នៅក្នុងសន្និសីទកាសែតមួយថា ការប៉ុនប៉ងដូរឈ្មោះធ្វើឡើង ដោយសភាទីក្រុង Ishigaki របស់ប្រទេសជប៉ុន គឺជាទង្វើមិនស្របច្បាប់ ដែលគ្មានសុពលភាព ។
យោងតាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទម្សិលមិញនេះ សភាទីក្រុងនៅអូគីណាវ៉ា បានអនុម័តសេចក្តី ព្រាងច្បាប់មួយ ដែលដូរឈ្មោះតំបន់រដ្ឋបាលមួយ ដែលរួមបញ្ចូលទាំងទឹកដី នៅសមុទ្រចិនខាងកើត លោក Yoshitaka Nakayama ជាអភិបាលក្រុង Ishigaki បានដាក់សេចក្តីព្រាងច្បាប់ ក្រោយទូកជប៉ុន ត្រូវទូកល្បាតចិនដេញ នៅតំបន់ដែនទឹក ដែលជប៉ុនអះអាងកម្មសិទ្ធិ ៕ប្រែសម្រួល៖ប៉ាង កុង