វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។
ក្រៅពីករណីស្លាប់ដ៏ច្រើន សន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុបរហូតដល់ ២.២៨៦.៤៥៧ ករណី។
រដ្ឋញូវយ៉ក ដែលបានរាយការណ៍ថាមាន ៣៨៨.៤៨៨ ករណីមានអ្នកស្លាប់សរុប ៣១.១២៥ នាក់។ ទិន្នន័យបានបង្ហាញថា រដ្ឋផ្សេងទៀតដែលមានអ្នកស្លាប់ ច្រើនជាង ៥.០០០ នាក់នៃ COVID-១៩ រួមមានរដ្ឋញូវជឺស៊ី ម៉ាសាឈូសេត រដ្ឋអ៊ីលីណយ រដ្ឋផេនស៊ីលវេនៀ មីឈីហ្គែន និងកាលីហ្វ័រញ៉ា។
ទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ COVID-១៩ នៅក្នុងប្រទេស បានឈានដល់ដំណាក់កាលទី ២ នៃការបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទនេះ ក្នុងកំឡុងពេលដែលហាងកាត់សក់ ការលក់អចលនទ្រព្យ ការលក់យានយន្ត និងការជួលហាងលក់រាយមួយចំនួនត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ៕ ដោយ ឈូក បូរ៉ា