បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានធ្វើការត្រួតពិនិត្យមើល ព្យុហយាត្រាយោធាពិសេសមួយ ជាការបង្ហាញក្តីសេ្នហាជាតិ ដែលអ្នករិះគន់និយាយថា ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ ចំណាត់ថ្នាក់ទាបជាងធម្មតា នៅមុនការបោះឆ្នោត ដែលអាចពង្រីកការកាន់អំណាច របស់លោករហូតដល់ឆ្នាំ២០៣៦។
លោក ពូទីន តាមសេចក្តីរាយការណ៍ បានមើលប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ ក្រុមកងរថក្រោះ និងកងទពជាង១៤.០០០នាក់ រួមមានទាំងកងទ័ពខ្លះ មកពីសម្ព័ន្ធមិត្ត ដូចជាប្រទេសចិនជាដើម ដែលធ្វើព្យុហយាត្រា ក្រោមពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ថា ដំណើរព្យុហយាត្រា ដែលប្រារព្ធធ្វើឡើង នៅមុនការបោះឆ្នោតទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ខែមិថុនា ដល់ថ្ងៃទី០១ខែកក្កដា ស្តីពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះ រួមបញ្ចូលទាំងការធ្វើវិសោធនកម្ម ដែលនឹងអនុញ្ញាតឲ្យលោក ពូទីន ជាប្រធានាធិបតី ចំនួនពីរអាណត្តិថែមទៀត ប្រសិនបើលោក ឈរឈ្មោះបោះឆ្នោត៕ ប្រែសម្រួល៖ប៉ាង កុង