ព្រឹត្តិការណ៍

យន្តហោះចម្បាំង បំបាំងកាយ អាមេរិក ហោះស្ទាក់ដំណើរយន្តហោះចារកម្មរុស្ស៊ី៤គ្រឿង នៅក្បែរតំបន់ឆ្នេរ អាឡាស្កា

បរទេស៖យន្តហោះចម្បាំងរបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានហោះស្ទាក់ដំណើរយន្តហោះចារកម្មរុស្ស៊ី Tu-142 ចំនួន៤គ្រឿង ដែលហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសអាឡាស្កា។ 

យោងតាម ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង ហៅកាត់ថា NORAD យន្តហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិក ដែលមានការគាំទ្រពីយន្តហោះចាក់សាំងកណ្ដាលអាកាស KC-135 និងយន្តហោះបំពាក់ប្រព័ន្ធព្រមាននិងគ្រប់គ្រងដែនអាកាស E-3 នោះ បានស្ទាក់ដំណើរយន្តហោះចារកម្ម Tu-142 ដែលចូលមកក្នុងចម្ងាយ៦៥ម៉ាយ ពីប្រជុំកោះ  Aleutian ក្បែរតំបន់ឆ្នេរអាឡាស្កា និងហោះហើរចុះឡើងក្នុងតំបន់កំណត់ការពារដែនអាកាសអាមេរិក អស់រយៈពេលជិត៨ម៉ោង។ 

គួរបញ្ជាក់ថា ការស្ទាក់ដំណើរនេះ គឺជាហេតុការណ៍លើកទីពីរដែលយន្តហោះរុស្ស៊ីនៅជិតតំបន់ព្រំដែនអាមេរិកក្នុងសប្ដាហ៍នេះ និងជាលើកទី១០ក្នុងឆ្នាំនេះ ជាមួយនឹងហេតុការណ៍ជាច្រើន បានកកើតមានឡើងក្នុងខែនេះ នៅជិតតំបន់ឆ្នេរអាឡាស្កា៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top