វូហាន៖ ការស្រាវជ្រាវថ្មីមួយដែល ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន Cell Metabolism បាននិយាយថា “ប្រើថ្នាំបញ្ចុះកម្រិត កូលេស្ដេរ៉ូល ឬសារធាតុខ្លាញ់ អាចជួយកាត់បន្ថយអត្រាមរណភាពរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ” ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសិក្សាអំពីសត្វបានបង្ហាញថាថ្នាំបញ្ចុះកម្រិតកូលេស្ដេរ៉ូល Statin អាចជួយបង្កើនការឆ្លើយតបរបស់កោសិកាភាពស៊ាំ កាត់បន្ថយការរលាក និងបន្ថយការវិវត្តនៃការរងរបួសសួត។ ទោះយ៉ាងណា វាមិនច្បាស់ទេថាតើលទ្ធផលគ្លីនិកចំពោះអ្នកជំងឺដែលមានជំងឺកូវីដ ១៩ អាចរងផលប៉ះពាល់ដោយការប្រើថ្នាំ Statins ទាំងថ្នាំតែឯង ឬការរួមផ្សំជាមួយនឹងថ្នាំដទៃទៀតយ៉ាងដូចម្តេចនោះទេ។
ដើម្បីស្វែងរកចម្លើយអ្នក ស្រាវជ្រាវនៅមន្ទីរពេទ្យ Renmin នៃសាកលវិទ្យាល័យ Wuhan បានធ្វើការសិក្សាដែលពាក់ព័ន្ធនឹងអ្នកជំងឺ ១៣.៩៨១ នាក់ ដែលត្រូវបានព្យាបាល នៅមន្ទីរពេទ្យចំនួន ២១ ក្នុងខេត្តហ៊ូប៉ី ដែលក្នុងនោះ ១.២១៩ នាក់បានទទួលថ្នាំ Statins ។
បន្ទាប់ពីការតាមដានរយៈពេល ២៨ ថ្ងៃអ្នកស្រាវជ្រាវបានរកឃើញថា អត្រានៃការស្លាប់របស់ ក្រុមអ្នកជំងឺដែលប្រើថ្នាំ Statin គឺ ៥,២ ភាគរយ ដែលទាបជាងអត្រាស្លាប់ ៩.៤ ភាគរយ នៃក្រុមមិនប្រើ Statin ។
ការសិក្សាទ្រង់ទ្រាយធំ ក៏បានបង្ហាញផងដែរថា ការប្រើប្រាស់ថ្នាំបញ្ចុះកម្រិតកូលេស្ដេរ៉ូល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះអត្រានៃការដាក់ឧបករណ៍ជំនួយ ខ្យល់សម្រាប់ការសង្គ្រោះបន្ទាន់។ ក្រៅពីនេះអ្នកដែលប្រើថ្នាំ Statins មានកម្រិតនៃការរលាកជីវម៉ាសរលាកទាបជាងអ្នក ដែលមិនបានប្រើដោយបង្ហាញថា ថ្នាំអាចការពារអ្នកជំងឺពី ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
យោងតាមអ្នកស្រាវជ្រាវ, អ្នកជំងឺ ៣១៩ នាក់នៅក្នុងការស្រាវជ្រាវបានប្រើថ្នាំ Statins រួមជាមួយថ្នាំប្រឆាំងនឹងការកន្ត្រាក់ angiotensin-converting-enzyme (ACE) ឬថ្នាំទប់ស្កាត់ការកន្ត្រាក់ angiotensin-receptor blockers (ARBs) និង ៦០៣នាក់ ប្រើ statins រួមជាមួយថ្នាំសម្ពាធឈាមដទៃទៀត។ ការសិក្សាបានបង្ហាញថា ការបន្ថែមថ្នាំទប់ ACE ឬ ARB មិនបង្កើនហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺទេ៕
ប្រែសម្រួលៈ ណៃ តុលា