តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអ៊ីរ៉ាក់លោក Iraj Masjedi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Tehran Times ប្រចាំថ្ងៃនៅថ្ងៃពុធម្សិលមិញនេះថា មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ប្រហែលជានឹងត្រូវបិទ នាពេលអនាគត។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក Masjedi បានធ្វើការកត់សម្គាល់អំពីការវិវត្តនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនិងវានបង្ហើបពីការចង់ដកមូលដ្ឋានទ័ពអាមេរិក ចេញពីប្រទេសនេះ។
លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នកំពុងស្វែងរកការបង្កើតតុល្យភាពរវាង“ តួអង្គសំខាន់ពីរគឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយកំពុងព្យាយាមប្រើប្រាស់សមត្ថភាពរបស់ប្រទេសទាំងពីរ” ។
លោកបានបន្ថែមថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនអាចត្រូវបានគេដកចេញពីអ៊ីរ៉ាក់នោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានទទូចឱ្យដកមូលដ្ឋានទ័ពអាមេរិកចេញពីអ៊ីរ៉ាក់ ដោយលើកឡើងថាជាការគំរាមកំហែងសន្តិសុខដល់សាធារណរដ្ឋអ៊ីស្លាម៕ដោយ ឈូក បូរ៉ា