បរទេស: រំលឹកឡើងវិញនូវព្រឹត្តការណ៍ នាព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៥ នៅពេលដែលគ្រាប់បែក ជាច្រើនត្រូវបានបំផ្ទុះនៅក្នុងផ្លូវក្រោមដី ចំនួន៣កន្លែងនៅ ទីក្រុងឡុងនិងឡានក្រុងមួយក្នុងអំឡុងពេលដែលមានមនុស្សធ្វើដំណើរមមាញឹកបំផុត។ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានគេជឿថា ជាផែនការវាយប្រហាររបស់ក្រុមអាល់កៃដា បានបណ្តាលឲ្យមានមនុស្សស្លាប់ ដល់ទៅ៥៦នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកផង ខណៈដែលអ្នករងរបួសមាន ទៅដល់៧០០នាក់ផ្សេងទៀត។ វាជាការវាយប្រហារធំបំផុតនៅ ចក្រភពអង់គ្លេសចាប់តាំងពី សង្គ្រាមលោកលើកទី២។
ការបំផ្ទុះគ្រាប់បែកលើរថភ្លើង បានសំដៅទៅលើទីក្រុង London និងស្ថានីយរថភ្លើងក្រោមដី បស់ទីក្រុងនេះ។ ការផ្ទុះឡើងភ្លាមៗនៅម៉ោងប្រហែល ៨និង៥០នាទីព្រឹកបានកើតឡើងលើរថភ្លើងនៅ ទីតាំងចំនួនបីក្នុងនោះនៅលើរថភ្លើងធ្វើដំណើររវាងស្ថានីយ៍ Aldgate និង Liverpool Street រវាងស្ថានិយ៍Russellនិងស្ថានីយ៍King’s cross និងទី៣នៅស្ថានីយ៍ផ្លូវ Edgware ផងដែរ។ ជិតមួយម៉ោងក្រោយមករថយន្ដក្រុងពីរជាន់ នៅលើតំបន់ Woburn ក្បែរទីលាន Tavistock ត្រូវបានវាយប្រហារ ដោយការបំផ្ទុះដូចគ្នានេះដែរ។
អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺការវាយប្រហារបានកើតឡើងនៅពេលដែលមេដឹកនាំ ពិភពលោករួមទាំង នាយករដ្ឋមន្ត្រីអង់គ្លេសលោកTony Blair កំពុងជួបប្រជុំកំពូល G8 នៅជិតស្កុតឡេន។ នាយករដ្ឋមន្ត្រីអង់គ្លេស ដែលក្រោយមកបានចេញសេចក្តីប្តេជ្ញាថានឹងរកឲ្យឃើញអ្នក ដែលទទួលខុសត្រូវនាំយកមកកាត់ទោស ហើយថាចក្រភពអង់គ្លេស ដែលជាដៃគូដ៏សំខាន់ ជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាម នៅអ៊ីរ៉ាក់នឹងមិនត្រូវមានភិតភ័យដោយក្រុមភេរវករ ទាំងនោះឡើយ៕
ប្រែសម្រួល:ស៊ុនលី