ភ្នំពេញ៖ ក្នុងឱកាសខួប ១២ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា ហៅក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា បានថ្លែងអំណរគុណ ដល់សមាជិក គណៈកម្មាធិការកណ្តាល និងគ្រប់បណ្តាសាខាខេត្ត ព្រមទាំងសមាជិក សមាជិកាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់នៅពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើ ក្នុងសកម្មភាពមនុស្សធម៌ នឹងចូលរួមសកម្មភាពជួយសង្គម នាពេលកន្លងមក ។
លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានមានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរអរគុណ ចំពោះបងប្អូនក្រុមគ្រួសារ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទាំងអស់ និងសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានរួមសុខ រួមទុក្ខ អស់រយៈពេល១២ឆ្នាំ ក្នុងការលះបង់អ្វីៗទាំងអស់ ដើម្បីបំរើសជាតិ និងប្រជាជនយើងរួមគ្នា”។
លោកក៏បានបន្ថែមថា “សូមជូនពរអោយបងប្អូនទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច ដើម្បីរួមគ្នាបន្តជួយ ដល់ជាតិមាតុភូមិ និងប្រជាជនយើងតទៅមុខទៀត”។
គួររំលឹកថា សមាគមចលនាយុវជនកម្ពុជា ហៅក្រុម១៥៧ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មកទល់នឹងបច្ចុប្បន្ន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ មានអាយុកាល ១២ឆ្នាំ និងបានបំពេញតួរនាទីរបស់ខ្លួន ក្នុងការងារមនុស្សធម៌ ជូនជាតិមាតុភូមិ ជាពិសេស ស្មារតីរួបរួមសាមគ្គី លើការឧបត្ថម្ភ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការងារសង្គមជាច្រើន នាពេលកន្លងមកនេះ៕