ព្រឹត្តិការណ៍

បារំាង អាល្លឺម៉ង់និងអ៊ីតាលី គម្រាមដាក់ទណ្ឌកម្ម ជុំវិញរឿង អាវុធសម្រាប់លីប៊ី

បរទេស៖មេដឹកនាំរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានគម្រាមប្រើទណ្ឌកម្មជាលើកដំបូង លើប្រទេសនានា ដែលនៅតែបំពានបម្រាមអាវុធរបស់អង្គការសហប្រជាជាតិ លើប្រទេសលីប៊ី។ 

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ចេញដោយការិយាល័យប្រធានាធិបតីបារំាង ក្រោយជំនួបនៅក្នុងទីក្រុងព្រួចសែល ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានជំរុញតួអង្គបរទេសទាំងអស់ ឲ្យបញ្ចប់ការជ្រៀតជ្រែកកំពុងតែកើនឡើង និងឲ្យគោរពដោយពេញលេញ ចំពោះបម្រាមអាវុធដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 

មេដឹកនំាប្រទេសទាំង៣រូបនោះ បានមានប្រសាសន៍ថា “យើងត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីពិចារណាភាពអាចទៅរួចនៃការប្រើទណ្ឌកម្ម ប្រសិនបើការបំពានលើបម្រាមដឹកអាវុធតាមផ្លូវទឹក ផ្លូវគោក ឬក៏ផ្លូវអាកាស នៅតែបន្តកើតមាន ហើយព្រមទាំងទន្ទឹងរង់ចាំសំណើ ដែលតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្តុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ នឹងត្រូវបង្កើតឡើងចំពោះរឿងនេះ”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top