ព្រឹត្តិការណ៍

ប្រធានាធិបតី កូរ៉េខាងជើង បើកកិច្ចប្រជុំ ផ្នែកយោធា ទ្រង់ទ្រាយធំ និងដោះស្រាយសក្តានុពល នៃការ គំរាមកំហែង

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបើកការប្រជុំទ្រង់ទ្រាយធំមួយរបស់គណៈកម្មាធិការយោធាមជ្ឈិម នៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ដោយពិភាក្សាពីវិធានការ “ការរាំងស្ទាក់” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ។

KCNA បាននិយាយថា គណៈកម្មការយោធារបស់កូរ៉េខាងជើងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រនិងការត្រៀមខ្លួនសម្រាប់ការកេណ្ឌកងទ័ពដោយមើលឃើញពីស្ថានភាពស្មុគស្មាញនៅឧបទ្វីបកូរ៉េ។

យោងតាម KCNA បានឱ្យដឹងថា បញ្ហាសំខាន់ៗទាក់ទងនឹង “ការជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមរបស់ប្រទេស” និងការដោះស្រាយ “ការគំរាមកំហែងយោធាដែលមានសក្តានុពល” ត្រូវបានលើកយកមកពិភាក្សា។

អនុប្រធានគណៈកម្មាធិការយោធាកណ្តាលលោក Ri Pyong Chol បានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ដែលផ្តោតលើបញ្ហាទាក់ទងនឹងផលិតកម្មយោធាផងដែរ។ លោកគីមជុងអ៊ុន ក៏បានចុះហត្ថលេខាលើបទបញ្ជាជាច្រើនបន្ទាប់ពីកិច្ចប្រជុំ។

កាលពីចុងខែមុនលោកគីមជុងអ៊ុនបានបើកកិច្ចប្រជុំបឋមនៃគណៈកម្មាធិយោធាមជ្ឈិមក្នុងកំឡុងពេលដែលលោកបានសម្រេចចិត្តពន្យារពេលផែនការប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ដែលបង្ហាញដោយអគ្គសេនាធិការ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top