សៀមរាប៖ លោកស្រី ទាង អេង អនុប្រធានសាខា កាកបាទក្រហមខេត្តសៀមរាប និងលោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ខណៈថវិកាសាងសង់ផ្ទះ ឧបត្ថម្ភដោយលោកឧកញ៉ា និងគ្រួសារមានចំនួន ៣៨០០ដុល្លារ។
លោកស្រី ទាង អេង មានប្រសាសន៍ ថា ផ្ទះនេះមានទំហំ ៦ម៉ែត្រគុណ៦ម៉ែត្រ មាន២បន្ទប់ ប្រកស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ សង់ផុតពីដី ប្រគល់ជូនពលរដ្ឋ វ័យចំណាស់មួយគ្រួសារ ប្តីឈ្មោះ គី រី អាយុ៦៥ឆ្នាំ ពិការជើងឆ្វេងត្រឹមជង្គង់ និងប្រពន្ធឈ្មោះ ញ៉ឹក ម៉ុន អាយុ៥៩ឆ្នាំ រស់នៅជាមួយកូន ចៅមួយចំនួនទៀត ជាគ្រួសារទីទល័ក្រជួបការលំបាក។
ក្នុងនាមសាខាកាបាទ ក្រហមខេត្តសៀមរាប លោកស្រីទាង អេងបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារដែលបានឧបត្ថម្ភថវិកា ជួយសាងសង់ផ្ទះមួយខ្នងនេះ ជូនពលរដ្ឋពិការនិងជា គ្រួសារជួបការលំបាក នៅក្នុងខេត្តសៀមរាប ។ នេះបង្ហាញពីកាយវិការ មនុស្សធម៌ដោយសុទ្ធចិត្ត ដើម្បីឲ្យពួកគេរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក ៕








