បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានថ្កោលទោសចំពោះមន្ត្រីនានា ដែលទទួលបន្ទុកកិច្ចការសាងសង់មន្ទីរពេទ្យថ្មីធំមួយកន្លែង នៅក្នុងទីក្រុងព្យុងយ៉ាង ជុំវិញការគ្រប់គ្រងខុសផ្នែកសេដ្ឋកិច្ច និងបានបញ្ជាឲ្យដកហូតតំណែងរបស់មន្ត្រីទាំងនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានឲ្យដឹងថា នៅក្នុងអំឡុងធ្វើទស្សនកិច្ចទីការដ្ឋានសាងសង់មន្ទីរពេទ្យធំក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានចង្អុលបង្ហាញនូវបញ្ហាធ្ងន់ធ្ងរក្នុងដំណើរគ្រប់គ្រងសេដ្ឋកិច្ចសម្រាប់ការសាងសង់នោះ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មេដឹកនំាកូរ៉េខាងជើង បានស្នើឲ្យគណៈកម្មាធិការកណ្ដាលបក្ស ធ្វើការស៊ើបអង្កេតចំពោះគម្រោងសាងសង់មន្ទីរពេទ្យនោះ និងបញ្ជាឲ្យផ្លាស់ប្តូរមន្ត្រីត្រូវទទួលខុសត្រូវទាំងអស់៕ប្រែសម្រួល៖ប៉ាង កុង