បរទេស៖ អ្នកដំណើរជាច្រើននាក់ លើយន្តហោះស៊ីវិលអ៊ីរ៉ង់ បានរងរបួសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយពីឡុតផ្លាស់ប្តូររយៈកម្ពស់ហោះហើរ ដើម្បីគេចមិនឲ្យបុកគ្នា ជាមួយយន្តហោះចម្បាំង អាមេរិកមួយគ្រឿង ប៉ុន្តែយោធាអាមេរិកនិយាយថា យន្តហោះចម្បាំង F-15 ស្ថិតនៅចម្ងាយសុវត្ថិភាព។
តាមសេចក្តីរាយការណ៍ យន្តហោះអ៊ីរ៉ង់ជារបស់ ក្រុមហ៊ុនអាកាសចរណ៍ Mahan Air កំពុងតែធ្វើដំណើរចេញពី ទីក្រុងតេអេរ៉ង់ ឆ្ពោះទៅប្រទេសប៉េឡារុស នៅពេលដែលពីឡុត ធ្វើការផ្លាស់ប្តូរកម្ពស់ ហោះហើរដើម្បីសុវត្ថិភាព ជាហេតុការណ៍មួយ ដែលក្រសួងការបរទេសអ៊ីរ៉ង់និយាយថា នឹងត្រូវធ្វើការស៊ើបអង្កេត។
គួរបញ្ជាក់ថា ភាពតានតឹង បានកើនកម្តៅឡើងកាន់តែខ្លាំង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង ឆ្នំា២០១៥ ដែលបានធ្វើឡើងជាមួយ មហាអំណាច ៥ប្រទេស និងបានដាក់ទណ្ឌកម្មជាថ្មី ញាំញីសេដ្ឋកិច្ចអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ប៉ាង កុង

