ព្រឹត្តិការណ៍

អាមេរិកនិងរុស្ស៊ី នឹងប្រារព្ធធ្វើកិច្ចពិភាក្សា សន្តិសុខអវកាសដំបូង ចាប់ពីឆ្នាំ២០១៣មក

បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅសប្ដាហ៍ក្រោយនេះ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាទ្វេភាគីផ្លូវការដំបូងស្តីពីសន្តិសុខអវកាស គិតចាប់តាំងពីឆ្នាំ២០១៣មក ក្រោយសហរដ្ឋអាមេរិកចោទថា ប្រទេសរុស្ស៊ីបានតេស្តអាវុធ បាញ់ផ្កាយរណបមានមូលដ្ឋានក្នុងលំហ នៅក្នុងខែនេះ។ 

អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក សន្តិសុខនិងការមិនរីកសាយអាវុធនុយក្លេអ៊ែអន្តរជាតិ លោក Christopher Ford បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងលើកកម្ពស់ទំនៀមនៃឥរិយាបថប្រកបដោយទំនួលខុសត្រូវ ក្នុងលំហអវកាស និងបានស្នើឲ្យមានស្ថិរភាព ភាពអាចព្យាករបាន និងឧបករណ៍គ្រប់គ្រងវិបត្តិកាន់តែប្រសើរឡើង។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកមួយរូប បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាគ្នានេះ នឹងប្រារព្ធធ្វើឡើង ក្នុងទីក្រុងវីយែន នាថ្ងៃចន្ទសប្ដាហ៍ក្រោយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top