ព្រឹត្តិការណ៍

ផ្ទុះដ៏កក្រើក២លើក បង្កជាអគ្គីភ័យ ឆាបឆេះទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋាន ទ័ពអាកាសនៅអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា យោធាបាននិយាយថា មានករណីបំផ្ទុះដ៏កក្រើកចំនួន២លើក បានកើតឡើងកាលពីយប់ថ្ងៃចន្ទ និងបង្កជាអគ្គីភ័យឆាបឆេះឡើងទ្រង់ទ្រាយធំ នៅក្នុងមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅខេត្ត Salahudin ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីបាដាដរបស់ប្រទេសអ៊ីរ៉ាក់ ។

ការិយាល័យព័ត៌មាននៃបញ្ជាការដ្ឋានសេនាធិការចម្រុះអ៊ីរ៉ាក់ (JOC)បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ការផ្ទុះនោះបានកើតឡើងនៅវេលាម៉ោង១១យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល នៅក្នុងមូលដ្ឋានទ័ពអាកាស Majid al-Tamimi ហើយកាលពីមុនគេបានស្គាល់ច្បាស់ថា នៅ Camp Speicher ដែលស្ថិតនៅ Salahudin ភាគខាងជើងរដ្ឋធានី Tikrit ចម្ងាយប្រមាណ១៧០គីឡូម៉ែត្រស្ថិតនៅភាគខាងជើងក្រុងបាដាដ ។

សេចក្តីប្រកាសបានឲ្យដឹងថា “ក្រុមការពារជនស៊ីវិល បានគ្រប់គ្រងដើម្បីត្រួតពិនិត្យលើលទ្ធផលនៃអគ្គីភ័យពីទីតាំងដែលផ្ទុះ២ដងនោះ ដោយមិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ” ។

យ៉ាងណាមិញ លោក Mohammed al-Bazi ស្នងការខេត្ត បានប្រាប់ដល់ទីភ្នាក់ងារស៊ីនហួ ថា ការផ្ទុះនោះបានកើតឡើងនៅទីតាំងស្តុកអាវុធយុទ្ធភ័ណ្ឌរបស់កងកម្លាំង Hashd Shaabi ៕ប្រែសម្រួលដោយ៖  ម៉ៅ បុប្ផាមករា

Most Popular

To Top