ព្រឹត្តិការណ៍

ថៃ នឹងជម្លៀស ពលរដ្ឋខ្លួន ១ម៉ឺននាក់ ពីប្រទេសអេហ្ស៊ីប ក្រោយនិស្សិតថៃម្នាក់ ស្លាប់ដោយសារមេរោគកូវីដ១៩ និង១២៧នាក់ ឆ្លងវីរុសនេះ

បរទេស៖ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា ជើងហោះហើរពិសេសកំពុងត្រូវបានរៀបចំឡើងដើម្បីទៅយកជនជាតិថៃ ដែលជាប់គាំងនៅបរទេស បន្ទាប់ពីនិស្សិតថៃម្នាក់បានស្លាប់ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេស អេហ្ស៊ីប។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកបានបញ្ជាឲ្យក្រសួងការបរទេសរៀបចំជាបន្ទាន់នូវជើងហោះហើរ “ជួយសង្គ្រោះ” ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ លោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ជើងហោះហើរដើម្បីធ្វើមាតុភូមិនិវត្តន៍នឹងត្រូវបានផ្តល់ជូនជាបន្តហើយនឹងនាំប្រជាជនថៃប្រមាណ ១ម៉ឺននាក់ ត្រឡប់ទៅផ្ទះវិញ។

ឧត្តមសេនីយ៍ប្រាយុធបាននិយាយទៀតថា លោកមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសុខុមាលភាពរបស់ប្រជាជនថៃដែលបានជាប់នៅក្រៅប្រទេស ហើយលោកក៏បានស្នើសុំឱ្យក្រសួងការបរទេសផ្តល់នូវសំភារៈចាំបាច់និងថែរក្សាពួកគេផងដែរ។

ស្ថានទូតថៃប្រចាំនៅអេហ្ស៊ីប ត្រូវបានជូនដំណឹងជាលើកដំបូងទៅកាន់និស្សិតសាកលវិទ្យាល័យបុរសម្នាក់ដែលបានធ្លាក់ខ្លួនឈឺខ្លាំងនៅទីនោះកាលពីថ្ងៃទី ២៤ ខែកក្កដា។ មន្ត្រីបានរៀបចំជាមួយក្រសួងសុខាភិបាលសាធារណៈអេហ្ស៊ីបដើម្បីនាំគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ ស្ថានទូតបាននិយាយថាបន្ទាប់មក បួនថ្ងៃក្រោយមក និស្សិតថៃខាងលើបានទទួលមរណភាពដោយសារការរលាកសួតដែលបណ្តាលមកពី Covid-19 ។

ស្ថានទូតបានបញ្ជាក់ថា នេះជាករណីដំបូងនៃការស្លាប់របស់ជនជាតិថៃនៅអេហ្ស៊ីប ដោយសារវីរុសកូរ៉ូណា។

គិតត្រឹមថ្ងៃទី ២៨ ខែកក្កដាចំនួនករណីឆ្លងមេរោគ Covid-១៩ នៅអេហ្ស៊ីបមានចំនួន ៩២.៤៨២ នាក់ និងចំនួនអ្នកស្លាប់មានចំនួន ៤.៦៥២ នាក់។ គេដឹងថាប្រជាជនថៃ ១២៧ នាក់ បានឆ្លងវីរុសនេះ នៅក្នុងប្រទេសអេហ្ស៊ីប ដោយ ១០០ នាក់ទទួលការព្យាបាល និង២៦ នាក់បានជាសះស្បើយ ហើយម្នាក់បានស្លាប់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top