ភ្នំពេញ៖ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងសម្ភាធពិព័រណ៍រូបថត លើកទីពីររបស់ខ្លួន តាមរយៈប្រព័ន្ធឌីជីថលជំនួសវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។
ពិព័រណ៍រូបថតនេះ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.dmcphotofest.com ទំព័រហ្វេសប៊ុក DMC Photo Festival (https://www.facebook.com/DmcPhotoFestival) និងទំព័រហ្វេសប៊ុក របស់ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (https://www.facebook.com/DMC.CCI)។
ពិព័រណ៍រូបថតលើកទីពីរនេះ ត្រូវបានផលិត និងរៀបចំ ដោយនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំ របស់លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់។
លោក ផន ភារិទ្ធ បានឲ្យដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញស្នាដៃថតរូប របស់និស្សិត បន្ទាប់ពីពួកគេ បានសិក្សា អំពីរបច្ចេកទេសថតរូប រយៈពេលមួយឆមាសរួមមក។ គ្រប់រូបថត ដែលនឹងបង្ហាញនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង របស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឆ្លុះបញ្ចាំង ពីស្ថានភាពសង្គម នាពេលបច្ចុប្បន្នផងដែរ។
លោកបានបន្ថែមថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍ អ្នកទស្សនាពីសកម្មភាព ដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីស្នាដៃ របស់និស្សិតមិនសូវជាល្អ ដូចអ្នកថតរូបអាជីព ក៏ដោយ ក៏យើងបានព្យាយាម សម្រិតសម្រាំង ឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថត មានលក្ខណៈជាស៊េរីបណ្ដាក់ ទៅតាមសាច់រឿង ឲ្យអ្នកចូលរួមបានយល់។»
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា «ពិព័រណ៍រូបថត DMC Photo Festival នេះ បានផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្ត ជាក់ស្តែងរបស់និស្សិត ក្នុងន័យលើកកម្ពស់ ចំណេះដឹង និងចំណេះធ្វើ របស់និស្សិតDMCផ្ទាល់។ លោកលើកឡើងថា ដេប៉ាតឺម៉ង់ក៏ចង់ជំរុញ ឲ្យនិស្សិតយកឱកាសនេះ សិក្សាស្រាវជ្រាវ ពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានា ក្នុងសង្គម ហើយយកមកឆ្លុះបញ្ចាំង តាមរយៈជំនាញ ដែលខ្លួនបានសិក្សា។
លោកបន្តថា «តាមរយៈការពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាស បានដឹងឮ ក៏ដូចជាយល់ដឹង ពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយ នៃដំណោះស្រាយ ព្រោះថាពួកគេ ក៏ជាផ្នែកមួយ នៃរឿងរ៉ាវសង្គមទាំងនោះដែរ។»
ជានិស្សិតឆ្នាំទីពីរ នៃដេប៉ាតឺម៉ង់ និងជាផលិតករម្នាក់ នៃកម្មវិធីតាំងពិព័រណ៌ រូបថតនេះ កញ្ញា សុខ ស្រីលុច បាននិយាយថា៖ «ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើទោះបីពេលខ្លះ ត្រូវនៅហាលថ្ងៃ ចុះទូកកណ្ដាលទន្លេ និងត្រូវចុះទៅទីតាំងឆ្ងាយៗ ក៏ដោយ ក៏យើងនៅទ្រាំ ដើម្បីបានរូបមួយៗ។» កញ្ញាសង្ឃឹមថា ពិព័រណ៍រូបថតលើកទីពីរ ដែលនឹងត្រូវប្រារព្វធ្វើ នៅពេលខាងមុខនេះ នឹងមានអ្នកចូលរួមគាំទ្រច្រើន។
លោក នូ វិរៈ ជានិស្សិតឆ្នាំទីពីរ នៃដេប៉ាតឺម៉ង់ និងអ្នករៀបចំកម្មវិធី បាននិយាយថា៖ «ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍រូបថតDMCនេះ កាលពីមុនយើងចង់ឲ្យមាន ការរៀបចំដាក់តាំងបង្ហាញ នៅក្នុងបរិវេណ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក៏ប៉ុន្តែដោយសារ តែជំងឺកូវីដ១៩ យើងអត់អាចបើកកម្មវិធីនេះ ជាសាធារណៈ បាននោះទេ ដោយយើងគោរពតាម គោលការណ៍រក្សាគម្លាតសង្គម របស់ក្រសួងសុខាភិបាល យើងក៏បានសម្រេចចិត្ត ជាមួយនឹងគណៈគ្រប់គ្រង ដេប៉ាតឺម៉ង់ រៀបចំកម្មវិធីនេះ ទៅតាមប្រព័ន្ធឌីជីថលវិញ។
មានន័យថា រូបភាពរបស់ក្រុមនិស្សិត ដែលបានផលិត ទាំង៩ប្រធានបទ ស្មើនឹងប្រមាណជាង ២០០សន្លឹក នឹងត្រូវបានដាក់បង្ហាញ នៅលើគេហទំព័រ ផ្លូវការរបស់យើង ដើម្បីអាចឲ្យសាធារណជន បានទស្សនា។»
លោក នូ វីរៈ បាននិយាយថា ក្រៅពីការទស្សនារូបថត សាធារណជន ក៏អាចតាមដានកម្មវិធី កិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាព ផ្សេងទៀតរួមមាន៖
សប្តាហ៍ទី១ ៖ ជួបជាមួយកិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការបង្ហាញក្បាច់របាំខ្មែរ របស់អ្នកគ្រូ វុធ ច័ន្ទម៉ូលី និងកិច្ចពិភាក្សាអំពីការថតរូប បែបកំសាន្តដោយលោក សួង ម៉ារឌី (Suong Mardy)។
សប្តាហ៍ទី២ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សាអំពីការថតរូប ក្នុងវិស័យសារព័ត៌មាន ដោយលោក លោក លន ហ្សាឌីណា (Lon Jadina) និងកិច្ចពិភាក្សា អំពីការថតរូបបែប Travel Photography ដោយលោក ឡា ម៉ូ (La Mo)។
សប្តាហ៍ទី៣ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សា អំពីការអប់រំផ្លូវចិត្ត តាមរយៈការសមាធិ ដោយលោកគ្រូ នឹម ឈុន្នី (Noem Chhunny) និងការពិភាក្សាអំពីការថតរូប បែបពាណិជ្ជកម្ម ដោយលោក ថៃ វ៉ាន់ថា (Jerry Thai) ។
សប្តាហ៍ទី៤ ៖ កិច្ចពិភាក្សា តាមក្រុមរបស់គម្រោង នៃពិព័រណ៍ រួមទាំងការពិភាក្សា អំពីស្រ្តីជាអ្នកថតរូប ក្នុងវិស័យសារព័ត៌មាន ដោយលោកស្រី Lim Jessica។
សប្តាហ៍ទី៥ ៖ ការបង្ហាញសិល្បៈ របស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា។»
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការ របស់យើង (DMC Photo Festival) ឬទំនាក់ទំនងកញ្ញា សួន ស្រីដែត តាមរយៈលេខទូរស័ព្ទ ០១៧ ៥៦៦ ៩២៦និងលោក ជា តារាពេជ្រ តាមរយៈលេខទូរស័ព្ទ ០៧០ ៩៩ ៣៩ ៦០៕