បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសម្ពន្ធមិត្ត៤ផ្សេងទៀត បានអំពាវនាវឲ្យទីក្រុងហុងកុងរៀបចំបេក្ខភាពជាថ្មីឡើង ទន្ទឹងនឹងធ្វើការថ្កោលទោសការសម្រេចចិត្តពន្យាពេលការបោះឆ្នោតសភានាខែកញ្ញា។
លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ និងអង់គ្លេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ដកបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ និងពន្យាពេលការបោះឆ្នោតក្រុមប្រឹក្សាច្បាប់ ដែលគ្រោងធ្វើឡើងនៅខែក្រោយនេះ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនេះ គឺត្រូវបានធ្វើឡើង ក្រោយជាងមួយសប្ដាហ៍ បន្ទាប់ពីបេក្ខជនគំាទ្រលទ្ធិប្រជាធិបតេយ្យចំនួន១២នាក់ រួមទាំងសកម្មជនដ៏លេចធ្លោរ គឺលោក Joshua Wong ត្រូវបានដកចេញមិនឲ្យឈរឈ្មោះ ក្នុងការបោះឆ្នោតនាខែកញ្ញា៕ ប្រែសម្រួល៖ប៉ាង កុង