ភ្នំពេញៈ រហូតមកដល់ ពាក់កណ្តាលត្រីមាសទី៣ឆ្នាំនេះ របាយការណ៍ ដែលបានលើកឡើងដោយរដ្ឋបាលខេត្តបានបង្ហាញថា ក្នុងចំណោមខេត្ត ក្រុងទាំង២៥ គេសង្កេតឃើញមានខេត្តចំនួន៤ នៅតែមានសកម្មភាពវិនិយោគ និងដំណើរការក្នុងវិស័យ ឧស្សាហកម្មដដែល។
នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងប្រឈម ជាមួយវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺឆ្លង covid-19 ក្រៅពីវិស័យទេសចរណ៍ ដែលទទួលរង នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ សម្រាប់វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរនៅកម្ពុជា ពិតជាទទួលរងនូវផលប៉ះពាល់មួយផ្នែកដែរ ប៉ុន្តែនៅក្នុងដំណាក់កាលនេះក៏មានវត្តមានរោងចក្រថ្មីៗ ទើបបង្កើតឡើង ក្រោយការទទួលបានសេចក្ដីសម្រេចគាំទ្រ ពីរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជិត១០០ក្រុមហ៊ុន។ នេះបើយោងតាម ការបង្ហាញរបស់ CDC កាលពីពេលកន្លងទៅនេះ។
ជាមួយគ្នានេះ តាមរយៈការបង្ហាញ នូវរបាយការណ៍ ពីរដ្ឋបាលខេត្តនៅត្រឹមដើមត្រីមាសទី៣ គេកត់សម្គាល់ ក្នុងចំនួនខេត្តក្រុងទាំង២៥ ក្នុងនោះមានខេត្តចំនួន៤ នៅតែបង្ហាញពីសម្មភាពនៃការវិនិយោគដដែល ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងសំណង់ ដោយខេត្តទាំង៤នេះរួមមាន ៖
ទី១- ខេត្តកំពង់ស្ពឺ មានរោងចក្រកាត់ដេរ សហគ្រាសខ្នាតតូច និងមធ្យមសរុប មានចំនួន២៦១គម្រោង ដោយក្នុងនោះ កំពុងតែដំណើរការសង្វាក់ផលិតកម្ម មានចំនួន១៦១ ហើយគម្រោងចំនួន១០០ទៀត កំពុងតែដើរតាមនីតិវិធី និងត្រៀមដំណើរការ ក្នុងពេលខាងមុខនេះ។
ជាមួយនឹងដំណើរការផលិតកម្ម របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រផលិតសម្ភារៈសំណង់ រួមជាមួយនឹងបណ្តាសហគ្រាសនានាទាំងអស់នេះ បានផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជាចំណាកមកពីបណ្តាខេត្តដទៃទៀត ស្មើនឹងប្រមាណជាង ៣០លានដុល្លារ តាមរយៈការផ្តល់ឱកាស ការងារជាប្រចាំខែ។
ទី២ ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន២១៦កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន ១១៣កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់ ដោយបានរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១១ ប៉ុន្តែតំបន់សេដ្ឋកិច្ចដែលដំណើរការ មានចំនួន៨ទីតាំង។
ទី៣- ខេត្តកំពង់ចាម មានរោងចក្រធុនធំ ចំនួន១៧មូលដ្ឋាន (រោងចក្រកាត់ដេរកែច្នៃជ័រកៅស៊ូ) ហើយរោងចក្រធុនមធ្យម ចំនួន១៣៥មូលដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ) ក្រៅពីនេះមានសិប្បកម្មលក្ខណៈគ្រួសារ មានចំនួន១១៩៤ មូលដ្ឋាន (ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម)។
ទី៤- ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១០ទីតាំង ស្ថិតនៅលើផ្ទៃដីប្រមាណ២៥៨៦,២៦ហិកតា ដែលមានទំហំទុនវិនិយោគ សរុបជាង១៤៨១លានដុល្លារ ក្នុងនោះមាន៤ទីតាំង កំពុងដំណើរការយ៉ាងសកម្ម ហើយ៦ទីតាំងទៀត កំពុងសាងសង់។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការខាងលើនេះ មានវត្តមានរោងចក្រ សហគ្រាសសរុបចំនួន១៥១រោងចក្រ ហើយចំនួន៦៦រោងចក្រផ្សេងទៀត កំពុងដំណើរ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស៕ ដោយៈ រ៉ាណេត
ប្រភព៖ propertyarea