ភ្នំពេញៈ គិតត្រឹមដើមសប្ដាហ៍នេះ គម្រោងស្ថាបនា សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានលទ្ធផល ជាង៤៤ភាគរយហើយ ដោយគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២១ ខាងមុខនេះ។

តាមការឱ្យដឹង ពីសំណាក់មន្ត្រីជំនាញ បច្ចេកប្រចាំការនៅការដ្ឋានសាងសង់ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា សំណង់ផ្លូវថ្នល់ នៅចំណុចបំបែកចោមចៅ ផ្នែកផ្លូវក្រោមដី ស្ថាបនាបានច្រើន ដែលស្ទើរតែបញ្ចប់ទាំងស្រុង ហើយនឹងបន្តសាងសង់ ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។
លោកបានបញ្ជាក់ថា “ពេលនេះក្រុមជំនាញកំពុងមមាញឹក ក្នុងការស្ថាបនាគម្រោងនេះ ឱ្យហើយតាមផែនការ បើទោះបីជារដូវវស្សា ឈានចូលមកដល់ ដែលបង្កឱ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គ ដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញ ឱ្យការងារនេះរួចរាល់តាមការកំណត់” ។ លោកបន្តថា “ក្រោយពេលឡើងផុតផ្លូវក្រោមដីទៅ យើងនឹងមានភាពធូស្រាលហើយ ដោយមិនមានភាពលំបាកអ្វីទៀតនោះទេ” ។
ចេញផុតពីចំណុចហ្នឹងទៅ យើងនឹងមានភាពងាយស្រួល និងមានការលំបាកខ្លះ នៅផ្លូវក្រោមដីពេលមេឃភ្លៀង។ នៅក្នុងគម្រោងនេះ ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមាន២គន្លងសម្រាប់រថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ចំណែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត” ។
ជាមួយគ្នានេះ គម្រោងនេះនឹងមានស្ពានអាកាស ចំនួន៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។

ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។
ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕ ដោយៈ រ៉ាណេត
ប្រភព៖ propertyarea
