ព្រឹត្តិការណ៍

ចំណេះដឹង! តើ​ជំនួញ​អចលនទ្រព្យ ​មាន​ប៉ុន្មាន​ប្រភេទ?

ភ្នំពេញៈ «ជំនួញ​អចលនទ្រព្យ» ជាការ​បង្កើត​ប្រាក់ចំណូល​ ពី​ការលក់ ការជួល និង​ប្រតិបត្តិ​ការអភិវឌ្ឍន៍​ដីធ្លី លំនៅឋាន និង​អគារផ្សេងៗ ឱ្យ​កើតជា​ប្រាក់ចំណូល។

ប្រភេទ​នៃ​ជំនួញ​អចលនទ្រព្យ ការធ្វើ​ជំនួញ​អចលនទ្រព្យ មាន​ទម្រង់​ច្រើនយ៉ាង ហើយ​លក្ខណៈ​នៃ​ជំនួញ​នេះ យើង​អាចបែងចែក​ជា៣ប្រភេទធំៗដូចជា ៖

១-ការលក់ដូ​ទូទៅ

ការទិញ-លក់​អចលនទ្រព្យ គឺជា​ការទិញ-លក់​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការទិញ-លក់​នៃ​អាជីវកម្មផ្សេងៗដែរ ដូចជា​ការទិញ​ហើយ​លក់​វិញ ។ តម្លៃតបស្នង​ដែល​បានមក​វិញ គឺជា​ប្រាក់ចំណេញ។ ការទិញ-លក់​ក្នុង​ជំនួញ​អចលនទ្រព្យ​ តាមច្បាប់​កំណត់ គឺត្រូវធ្វើ​ជា​សៀវភៅ ឬ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ដូចជា សំបុត្រ​កម្មសិទ្ធិ​ដីធ្លី​ ជា​ឯកសារ​កម្មសិទ្ធិ ដើម្បី​បញ្ជាក់ ​ពី​អ្នកកាន់កាប់​កម្មសិទ្ធិ​ដី ពីព្រោះ​អចលនទ្រព្យ ​ជា​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ខ្ពស់ ដូច្នេះ ត្រូវតែ​ភ្ជាប់​មក​ ជាមួយនឹង​ឯកសារ​ច្បាប់ ដើម្បី​មិនឱ្យ​កើត​បញ្ហា​នៅ​ថ្ងៃក្រោយ។

២-ការជួល

លក្ខណៈ​នៃ​ការជួល​មានដូចជា ការជួល​បន្ទប់​ស្នាក់នៅ អា​ផាត​មិន លំនៅឋាន អាគារ​ពាណិជ្ជកម្ម ការិយាល័យ ឬ​ការជួល​ដី​ទំនេរ គឺជា​ការធ្វើ​ជំនួញ​អចលនទ្រព្យ។ ការវិនិយោគទុន ឬ​ទិញ​អគារ និង​ទិញ​ដី​ទំនេរ រួច​យកមក​ជួល​នោះ នឹងធ្វើ​ឱ្យ​កើត​ប្រាក់ចំណូល​ យ៉ាង​ទៀងទាត់។

៣-ជើងសា​អចលនទ្រព្យ

ជើងសារ​អចលនទ្រព្យ គឺជា​អាជីព ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​ស្គាល់ ដូចជា ជា​ជើងសា​រទិញ-លក់​ដី ផ្ទះ ឬ រថយន្ត ដែល​ភាគច្រើន​យក​ធ្វើជា​មុខរបរ​បន្ថែម ។ ការទិញ-លក់​មួយលើកៗ អាចធ្វើឱ្យ​ជើងសា​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ដែល​អាស្រ័យទៅលើ​សមត្ថភាព។

សរុបមក ទិដ្ឋភាព​ទូទៅ​នៃ​ជំនួញ​អចលនទ្រព្យ គឺជា​ការបង្កើត​ប្រាក់ចំណូល​ពី​ការលក់ ការជួល​លំនៅឋាន និង​ដី​ទំនេរ ដើម្បី​ទទួលបាន​ប្រាក់ចំណូល តាម​រូបភាពផ្សេងៗ រួមទាំង​ការធ្វើជា​ឈ្មួញកណ្តាល​ផងដែរ។ អចលនទ្រព្យ គឺ​មិនចាំបាច់​ ត្រូវ​ចំណាយ​ដើមទុន​ច្រើន ហើយក៏​មិន​សំដៅ លើ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​អ្នកមាន​លុយ​ សម្រាប់​វិនិយោគទុន​នោះទេ ដែល​អាចធ្វើ​វា​បាន។

នៅពេល​ខ្លះ ការធ្វើជា​ជើងសា​ទិញ-លក់​ដី គឺជា​ការចាប់​ខ្លា​ដោយ​ដៃទទេ មានន័យថា អ្នក​មិនចាំបាច់​មាន​ទុនវិនិយោគ​ទេ។ ប្រសិនបើ​អ្នកមាន​ទុន​តិចតួច ឬ​គិតថា ចង់​ប្រកប​អាជីវ​កម្មនេះ ការដាក់ទុន​ក្នុង​វិស័យ​អចលនទ្រព្យ គឺជា​ជម្រើស​មួយទៀត ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត៕ ដោយ​វុត្ថា
ប្រភព៖ propertyarea

Most Popular

To Top