ព្រឹត្តិការណ៍

អនុស្ថានីយ៍បញ្ជូន ថាមពលកម្លាំង២៣០គីឡូវ៉ុល នៅខេត្តកោះកុង ត្រូវបានដាក់ឱ្យដំណើរការ

កោះកុង ៖ ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកោះកុងបានទទួលសមិទ្ធិផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុល ត្រូវបានដាក់ឱ្យដំណើរការបម្រើការប្រើប្រាស់ និងផ្គត់ផ្គង់ស្រុកចំនួន៤។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍ចម្ការហ្លួង ស្រុកកំពង់សីលា (ផ្លូវបំបែកស្រែអំបិល) មកស្រុកបូទុមសាគរ ប្រវែង ៥៤គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលនៅក្នុងស្រុកបូទុមសាគរនេះ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូននិងការផ្គត់ផ្គង់ចែកចាយអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ គីរីសាគរ កោះកុង និងស្រុកស្រែអំបិល នៃខេត្តកោះកុង។

លោក កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការបញ្ជូនផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះត្រូវបានសិក្សាត្រួតពិនិត្យដោយវិស្វកររបស់អគ្គិសនីកម្ពុជាតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ២០១៤ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង EDF ហើយសាងសង់ដោយក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល និង TBEA សម្រាប់អនុស្ថានីយ ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល។

គម្រោងនេះមិនត្រឹមតែឲ្យយើង ទទួលបាននូវមួយផ្នែក នៃហេដ្ឋារចនាសម្ព័ន្ធ ជាតិបញ្ជូនអគ្គិសនីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) នូវបច្ចេកវិជ្ជាទំនើបពីបណ្តាជំនាញ បច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ ដោយខ្លួនឯងនៅពេលអនាគត។ ខ្សែបញ្ជូននេះជាផ្នែកមួយនៃប្រព័ន្ធជាតិបញ្ជូនអគ្គិសនីភាគខាងត្បូង ដែលគ្រោងនឹងភ្ជាប់ជាមួយខេត្តកោះកុង នៅចុងឆ្នាំ២០២០នេះ ដើម្បីបង្កើតបានជាប្រព័ន្ធកងបញ្ជូនធំមួយទៀត ឆ្លងកាត់ខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបញ្ជូនថាមពលជួយគ្នាទៅវិញ ទៅមកដោយយកប្រភពពីរោងចក្រធ្យូងថ្មខេត្តព្រះសីហនុ និងបណ្តាវារីអគ្គិសនីភាគខាងលិច ក្នុងខេត្តកោះកុង និងពោធិសាត់។

លោក កែវ រតនៈ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងតំបន់ស្រុកបូទុមសាគរ គីរីសាគរ និងភាគខ្លះនៃស្រុកស្រែអំបិល និងស្រុកកោះកុង នឹងទទួលបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានគុណភាព និងស្ថិរភាព ល្អប្រសើរជាងមុន ពីប្រភពផ្គត់ផ្គង់ថ្មីនេះជំនួសការយកថាមពលពីប្រភពអនុស្ថានីយ៍ឆ្ងាយៗដូចពីមុន បញ្ជូនតាមបណ្តាញតង់ស្យុងមធ្យម ដែលជារឿយៗតែងជួបប្រទះការរអាក់រអួល ដោយសារមែកឈើប៉ះ បណ្ដាលពីខ្យល់ព្យុះ ភ្លៀងខ្លាំង មកលើបង្គោលបេតុងតូចៗដែលដាំតាមផ្លូវជាដើម។

ជាមួយគ្នានេះដែរ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីនេះអាចផ្តល់លទ្ធភាព បញ្ជូនថាមពលរហូតដល់៦០០មេហ្កាវ៉ាត់ ដែលអាចពង្រីកបន្ថែមការអភិវឌ្ឍន៍តាមរបៀង មាត់សមុទ្ររបស់ប្រទេសយើងតាមផ្លូវជាតិលេខ ៤៨ ដែលនឹងជួយបង្កើន កំណើនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស៕

ដោយ ៖ propertyarea

Most Popular

To Top