ព្រឹត្តិការណ៍

ក្រុមហ៊ុនផ្សារទំនើប AEON Mall3តម្លៃជិត៣០០លានដុល្លារចាប់ផ្ដើមសាងសង់សំណង់ការិយាល័យហើយ

ភ្នំពេញៈ គម្រោងសាងសង់ផ្សារទំនើបAEON3 ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោកែងផ្លូវ៥០ម៉ែត្រ បានចាប់ផ្តើមសាងសង់ទីស្នាក់ការ សម្រាប់អ្នកបច្ចេក​ទេ​សនិងបុគ្គលិកជំនាញដែលនឹងគ្រោងប្រារព្វពិធីបុកគ្រឹះសាងសង់ជាផ្លូវនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទីតាំងគម្រោងសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិទី៣របស់ក្រុមហ៊ុន AEON Mall បានចាប់ផ្តើមសង់សំណង់ផ្ទាល់ដីសម្រាប់ជាទីស្នាក់ការនៃការដ្ឋានរបស់ក្រុមអ្នកបច្ចេកទេសនិងបុគ្គលិកជំនាញផ្នែកសំណង់ខណៈដែលសម្ភារៈសម្រាប់សាងសង់និងថ្មគ្រឹះបាននិងកំពុងត្រៀមដឹកជញ្ជូនយកមកកាន់កំពង់ផែព្រះសីហនុ។

តាមប្រភពព័ត៌មានដែលជឿទុកចិត្តបានបញ្ជាក់ប្រាប់ថា ការបុកគ្រឹះសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុននេះ នឹងចាប់ផ្តើមនៅខែតុលាយ៉ាងយូរបំផុត ឬអាចបន្តត្រឹមដំណាច់ឆ្នាំនេះ និងមិនឆ្លងចូលដល់ដើមឆ្នាំ២០២១នោះទេ។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុនតំណា​ងនៅកម្ពុជាបានចាប់ផ្តើមសាងសង់សំណង់ផ្ទាល់ដីសម្រាប់ធ្វើការិយាល័យនៃការដ្ឋានហើយ។

លោកបានបញ្ជាក់ថា “វាជាការធម្មតាទេ គ្រប់ការដ្ឋានទាំងអស់ គឺត្រូវតែមានការិយា​ល័យ ឬទីស្នាក់ការសម្រាប់បុគ្គលិកបច្ចេកទេស និងបុគ្គលិកជំនាញផ្នែកសាងសង់”។ លោកបន្តថា “បន្ទាប់មកគេនឹងនាំយកសម្ភារៈសំខាន់ៗ សម្រាប់សាងសង់ដំបូង ជាពិសេ​សថ្មសរសរគ្រឹះ ដែលកំពុងត្រៀមដឹកជញ្ជូនយកមកជាបណ្តើរៗ ខណៈដែលរាល់ឯកសារដឹកជញ្ជូនត្រូវបានរៀបចំរួចរាល់ជាស្រេច”។

លោកបន្តឲ្យដឹងទៀតថា“ខ្ញុំមិនអាចបញ្ជាក់ថាបុកគ្រឹះថ្ងៃទីប៉ុន្មាននោះទេ ប៉ុន្តែអា​ច​ប្រាប់ថានៅក្នុងខែតុលា ឬយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២០នេះ ហើយនឹងត្រូវបញ្ចប់ទាំង​ស្រុងមិនលើសពី២៧ខែក្រោយពេលបុកគ្រឹះនោះទេ”។

គម្រោង Aeon Mall 3 ជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា និងមានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ Aeon Mall3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ក្រោមទំហំទុនវិនិយោគប្រមាណ៣០០លានដុល្លារ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដោយ ៖ propertyarea

Most Popular

To Top