បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍គ្រាប់រ៉ុក្កែត Katyusha ចំនួន០២គ្រាប់ បានផ្លោងចំមូលដ្ឋាន យោធាមួយកន្លែង នៅភាគខាងជើង រដ្ឋធានីបាដាដ របស់ប្រទេសអ៊ីរ៉ាក់ ។
ការិយាល័យផ្សព្វផ្សាយ ព័ត៌មានរបស់សេនាធិការចម្រុះ អ៊ីរ៉ាក់ បានឲ្យដឹង ដោយសង្ខេបថា ការវាប្រហារបានកើតឡើង នៅពេលល្ងាច នៅគ្រាដែល គ្រាប់រ៉ុក្កែត ចំនួន០២គ្រាប់ បានបាញ់ចេញពីតំបន់ al-Rashdiyah មកលើជំរុំ al-Taji Camp ប្រមាណ ២០គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតនៅភាគខាងជើង ក្រុងបាដាដ ជាមួយគ្នានេះដែរ អ្នកស្លាប់មិនទាន់ដឹង ច្បាស់លាស់នៅឡើយទេ ។
ជំរុំ Al-Taji Camp គឺជាមូលដ្ឋានយោធាដ៏ធំមួយ ដែលមានទាំងទ័ពអាកាស របស់សហរដ្ឋអាមេរិក នៅទីតាំងនោះផងដែរ ។
មិនទាន់មានក្រុមណាមួយបញ្ជាក់ អំពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនេះ នៅឡើយទេ ប៉ុន្តែ ព្រលានយន្តហោះក្រុងបាដាដ និងមូលដ្ឋានទ័ពអ៊ីរ៉ាក់ ដែលមាន យោធាអាមេរិក នៅទូទាំងប្រទេសអ៊ីរ៉ាក់ រួមទាំងស្ថានទូត សហរដ្ឋអាមេរិក នៅក្នុងតំបន់ Green Zone បានរងការវាយប្រហារ ដោយគ្រាប់ផ្លោង និងគ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា